(អាមេរិក)៖ យោងតាមលទ្ធផល នៃការសិក្សាថ្មីមួយបានបង្ហាញឲ្យឃើញថា ប្រហោងខ្មៅ (Black Hole) រាប់ពាន់ប្រហែលជា កំពុងស្ថិតនៅជុំវិញប្រហោងខ្មៅយក្ស ដែលស្ថិតចំកណ្តាលបេះដូង នៃកាឡាក់ស៊ីរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
នៅតាមចំណុចកណ្តាល នៃកាឡាកស៊ីភាគច្រើន បើមិនមែនទាំងអស់ទេនោះ គឺមានវត្តមានប្រហោងខ្មៅយក្សដ៏ធំៗមហិមា ដែលគេហៅថា Supermassive Black Hole មានម៉ាសធំជាងព្រះអាទិត្យដល់ទៅរាប់លាន ឬរាប់ពាន់លានដងឯណោះ។ ឧទាហរណ៍ នៅចំបេះដូងនៃកាឡាក់ស៊ី Milky Way របស់យើង គឺមានប្រហោងខ្មៅយក្សឈ្មោះថា Sagittarius A* ដែលមានទំហំស្មើនឹង ៤.៥លានដង នៃទំហំព្រះអាទិត្យ។
វិធីសាស្រ្តដ៏សំខាន់ ដែលអ្នកវិទ្យាសាស្រ្តគិតថា ពពួកប្រហោងខ្មៅយក្ស រីកលូតលាស់ឡើង គឺតាមរយៈការលេបប្រហោងខ្មៅតូចៗជាងវា ដែលមានម៉ាសធំជាងព្រះអាទិត្យ ០៣ ឬ ០៤ដង ប៉ុណ្ណោះ ហើយការសិក្សាឲ្យកាន់តែច្បាស់បន្ថែម ពីដំណើរការនៃការរីកលូតលាស់នេះ គឺមានសារៈសំខាន់ជាខ្លាំង ដើម្បីបង្កើនការយល់ដឹងអំពីឥទ្ធិពល ដែលប្រហោងខ្មៅយក្សទាំងនោះ អាចមានទៅលើការវិវត្តន៍នៃកាឡាក់ស៊ីរៀងៗខ្លួនរបស់ពួកវា។
អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រុមតារាវិទូបានបរាជ័យ ក្នុងការតាមស្វែងរកប្រហោងខ្មៅរហូតដល់ចំនួន ២០,០០០ ដែលការសិក្សាពីមុនៗទៀត បានព្យាករណ៍ថា គួរតែមានវត្តមានផ្តុំគ្នា នៅជុំវិញស្នូលរបស់កាឡាក់ស៊ី Milky Way។ បើលោក Chuck Hailey ប្រធានដឹកនាំការសិក្សាថ្មីខាងលើ ប្រហោងខ្មៅ Sagittarius A* នៅហ៊ុមព័ទ្ធជុំវិញដោយបណ្តុំឧស្ម័ន និងធូលីអវកាស ដែលផ្តល់ទីកន្លែងដ៏សាកសមបំផុត សម្រាប់ការបង្កកំណើតដល់ផ្កាយធំៗ ដែលអាចបង្កើតចេញជាប្រហោងខ្មៅ នៅពេលពួកវាផុតរលត់អាយុជីវិតទៅវិញ។ បន្ថែមពីនេះ កម្លាំងទំនាញដ៏ខ្លាំងក្លារបស់ Sagittarius A* ក៏អាចទាញប្រហោងខ្មៅដទៃទៀត ដែលនៅខាងក្រៅតំបន់នេះចូលមកផងដែរ។
យ៉ាងណាមិញ ពុំមានក្រុមអ្នកវិទ្យាសាស្រ្តណា អាចរកឃើញការប្រមូលផ្តុំដ៏ធំសម្បើម នៃប្រហោងខ្មៅបែបនេះ ដែលគេហៅថា Desity Cusp ឡើយ។ សព្វថ្ងៃគឺមានប្រហោងខ្មៅតែប្រមាណជា ៥០ ទៅ ៦០ ប៉ុណ្ណោះ ដែលគេបានអង្កេតដឹងថា មានវត្តមាននៅក្នុងកាឡាក់ស៊ីទាំងមូលរបស់យើង ដែលមានប្រវែងសរុបប្រហែល ១០០,០០០ឆ្នាំពន្លឺឯណោះ។
គួរជម្រាបថា បើតាមការសិក្សាពីមុនទាក់ទិននឹងការរីកលូតលាស់ នៃប្រហោងខ្មៅយក្ស តាមពិតទៅប្រហោងខ្មៅចំនួនចន្លោះពី ១០,០០០ ដល់ ២០,០០០ ត្រូវគេជឿជាក់ថា ស្ថិតនៅក្នុងតំបន់ចំណុចកណ្តាលកាឡាក់ស៊ី Milky Way ដែលមានទំហំត្រឹម ០៦ឆ្នាំពន្លឺប៉ុណ្ណោះ។ ដោយឡែក ពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយ លោក Hailey បានរកឃើញតំរុយមួយចំនួន ដែលប្រហែលជាអាចបញ្ជាក់បានថា ប្រហោងខ្មៅប្រមាណជា ១០,០០០ ទំនងជាកំពុងពួនសំងំ នៅកណ្តាលបេះដូងនៃកាឡាក់ស៊ីរបស់យើងពិតមែន៕