(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាបានបន្ទន់ឥរិយាបថ និងបន្ធូបន្ថយវោហាស័ព្ទរបស់លោក ជុំវិញភាពតានតឹងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន ដោយលោកបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមិនមែនកំពុង ធ្វើសង្រ្គាមពណិជ្ជកម្មជាមួយចិនឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
ការលើកឡើងខាងលើ លោក ដូណាល់ ត្រាំ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចិនបានប្រកាសពីវិធានការ តម្លើងពន្ធលើផលិតផលអាមេរិកចំនួន ១០៦មុខ ក្នុងនោះរួមមានទាំង សណ្តែកសៀង និងយន្ដហោះ ជាការឆ្លើយតបភ្លាមៗទៅនឹងគំរោងតម្លើងពន្ធ ២៥ភាគរយ លើផលិតផល ១,៣០០មុខ ដែលអាមេរិកនាំចូលពីចិន។
លោក ត្រាំ បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «យើងមិនមែនកំពុងធ្វើសង្រ្គាមពាណិជ្ជកម្ម ជាមួយចិនឡើយ ព្រោះវាជាសង្រ្គាមដែលបានបង្កជាការខាតបង់ អស់រយៈពេលជាច្រើន ឆ្នាំមកហើយដោយមនុស្សល្ងង់ ឬមនុស្សគ្មានសមត្ថភាពមួយចំនួន ដែលតំណាងឱ្យសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក និងចិនកំពុងមានភាពតាងតឹងផ្នែកពាណិជ្ជកម្មនឹងគ្នា ដោយភាគីទាំងពីរបានប្រកាសពីការ តម្លើងពន្ធដាក់គ្នាទៅវិញទៅមក ហើយភាពតានតឹងនេះទៀតសោត គឺបង្កឡើងដោយលោក ដូណាល់ ត្រាំ ដែលបានចុះហត្ថលេខា លើបទបញ្ជាតម្លើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមលើចិន៕