(វ៉ាស៊ីនតោន)៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើសេចក្តីប្រកាសមួយ ដោយធ្វើការបញ្ជូនកងកម្លាំងសន្តិសុខជាតិដោយផ្ទាល់ ទៅកាន់តំបន់ព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដែលប្រការនេះគឺស្ថិតនៅក្នុងរង្វង់ នៃអំណាចដែលលោកអាចធ្វើការសម្រេចចិត្តបាន ដោយមិនចាំបាច់ឆ្លងសភានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាននាថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើងប្រើប្រាស់យោធា ដើម្បីការពារព្រំដែនរបស់យើង រហូតដល់យើងមានជញ្ជាំងព្រំដែនមួយ និងសន្តិសុខពេញលេញ»។
ទោះជាយ៉ាងនេះក្ដី ការសម្រេចចិត្តភ្លាមៗរបស់លោក ត្រាំ ទំនងជាអាចនឹងបង្កជាភាពចម្រូងចម្រាស់ ក៏ដូចជាការជជែកដេញដោលពីភាពស្របច្បាប់ នៃគំនិតនេះ មុននឹងវាត្រូវលេចចេញជាសកម្មភាព ហើយរដ្ឋាភិបាលម៉ិចស៊ីកូ ពិតណាស់ថា នឹងក្តៅស្លឹកត្រចៀក ដោយសារចេតនាថ្មីរបស់មេដឹកនាំអាមេរិករូបនេះដែរ។
គួររំលឹកថា កាលពីខែមីនា លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកញ្ចប់ថវិកាជាង ១.៣ទ្រីលានដុល្លារ (១.៣ពាន់ពាន់លានដុល្លារ) ក្នុងនោះមាន ១.៦ពាន់លានដុល្លារសម្រាប់ប្រើប្រាស់ ក្នុងការចាត់វិធានការនានា ដើម្បី ថែរក្សាសន្តិសុខនៅតាមតំបន់ព្រំដែន។ ប៉ុន្តែកញ្ចប់ថវិកានេះ គឺតិច ជាងការរំពឹងទុករបស់រដ្ឋបាលលោកផ្ទាល់៕