(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានអំពាវនាវ ឱ្យមានកិច្ចពិភាក្សាក្នុងលក្ខណៈស្ថាបនា និងកិច្ចចរចាស្ដីពីជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។ នេះបើតាមលោក Zhu Guangyao ដកស្រង់ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុចិន លោក ជូ ក្វាងយ៉ាវ (Zhu Guangyao) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ បន្ទាប់ ពីចិនបានប្រកាសពីវិធានការថ្មី តម្លើងពន្ធលើផលិតផលអាមេរិកចំនួន ១០៦មុខ ជាការឆ្លើយតបភ្លាមៗ ទៅនឹងគំរោងតម្លើងពន្ធ ២៥ភាគរយ លើផលិតផល ១,៣០០មុខ ដែលនាំចូលពីចិន។ លោក Zhu គូសបញ្ជាក់យ៉ាងថា «យើងមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មទេ ពីព្រោះវាមានតែធ្វើឱ្យប្រទេសទាំងពីរខាតបង់តែប៉ុណ្ណោះ»។
ដោយឡែក នៅក្នុងសន្និសីទនោះ លោក វ៉ាង ហ្សួវិន (Wang Shouwen) អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន ក៏បាននិយាយដែរថា ការសម្រេចចិត្តរបស់ សហរដ្ឋអាមេរិក គឺរំលោភទាំងស្រុងលើច្បាប់អន្តរជាតិ ប៉ុន្តែលោកអះអាងថា ចិនមិនព្រឺខ្លួនឡើយ ចំពោះសង្រ្គាមពាណិជ្ជកម្ម។
ជាងនេះទៅទៀត លោក Wang ថែមទាំងបញ្ជាក់ទៀតថា ការស្នើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យកាត់បន្ថយភាពខ្សែលើខាងពាណិជ្ជកម្មរបស់ចិន ជាមួយសហរដ្ឋអាមេរិក គឺជារឿងមិនអាចទទួលយកបាន ដ្បិតលោកយល់ថា ប្រទេសទាំងពីរត្រូវដោះស្រាយបញ្ហានេះ មិនមែនចិនតែឯងឡើយ៕