(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងនៅថ្ងៃពុធនេះថា ពួក ISIS ត្រូវបានកម្ចាត់ទំាងស្រុងហើយនៅក្នុង ប្រទេសស៊ីរី ប៉ុន្តែពួកគេនៅតែធ្វើសកម្មភាពបំផ្លិចបំផ្លាញ និងអាចវាយប្រហារលើបណ្ដាប្រទេសនៅជុំវិញពិភពលោក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
«វាមានភស្ដុតាងយ៉ាងច្បាស់ថាបើទោះជា ពួក ISIS បានបរាជ័យនៅស៊ីរីក៏ដោយ ប៉ុន្តែភេរវករមួយនេះ នៅតែអាចធ្វើសកម្មភាព បំផ្លិចបំផ្លាញ ហើយពួកគេអាចនឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ដើម្បីដឹកនាំការវាយប្រហារលើបណ្ដាប្រទេសនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក»។ នេះជាការលើកឡើងរបស់លោក វ្ល៉ាឌីមៀ ពូទីន។
គួរបញ្ជាក់ថា លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ នាឱកាសកំពុងបំពេញដំណើរទស្សនកិច្ចនៅក្នុងប្រទេសតួកគី។ លោកក៏នឹង ត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយអ៊ីរ៉ង់ និងតួកគីផងដែរស្ដីពីវិបត្តិស៊ីរី៕