(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ នឹងបំពេញដំណើរទស្សនកិច្ច មកកាន់ទីក្រុងម៉ូស្គូ នៅសប្ដាហ៍ក្រោយនេះ ហើយលោកនឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីរបស់លោក នៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាន គូសបញ្ជាក់ដូច្នេះថា៖«ភាគីទាំងពីរនឹងពិភាក្សាគ្នាពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាការផ្លាស់ប្ដូរយោបល់លើបញ្ហាសកលលោក និងនៅក្នុងតំបន់ជាមួយការផ្ដោតសំខាន់លើស្ថានភាពនៅលើឧបទ្វីបកូរ៉េ»។

គួរបញ្ជាក់ថា កាលពីអង្គារម្សិលមិញ លោក រី យ៉ុង ហូ ក៏បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងផងដែរ ហើយដែលវា ធ្វើឡើងនៅមុនពេលកូរ៉េខាងជើង បើកកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែមេសា រួមទាំងកិច្ចប្រជុំជាមួយសហរដ្ឋ អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែឧសភា៕