(ពិភពលោក)៖ កាលពីដើមខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយបានកើតឡើងដោយចក្រភពអង់គ្លេស បានបណ្តេញទូតរុស្ស៊ី២៣រូប ចេញពីដែនដីរបស់ខ្លួន បន្ទាប់ពីមានហេតុការណ៍បំពុលអតីតភ្នាក់ងារចារកម្មជនជាតិរុស្ស៊ី លោក សឺហ្គេ ស្គ្រីបផល(Sergei Skripal) និងកូនស្រី ដោយប្រើប្រាស់សារធាតុបំផ្លាញប្រព័ន្ធប្រសាទ។
ចក្រភពអង់គ្លេសដែលមានបណ្តាប្រទេសលោកខាងលិចនៅពីក្រោយខ្នង បានថ្កោលទោសប្រទេស រុស្ស៊ី ថា បានបំពុលភ្នាក់ងារចារកម្មរូបនោះ។ យ៉ាងនេះក្តី ប្រទេស រុស្ស៊ី បានបដិសេធយ៉ាងដាច់អហង្កាថាមិនបានបង្កហេតុការណ៍នេះកើតឡើងឡើយ។
រឿងនេះបានឈានទៅរកភាពស្មុគស្មាញកាន់តែខ្លាំង បន្ទាប់ពីបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងលិច ជាពិសេសបងធំអាមេរិក ក៏បានចូលដៃជាមួយចក្រភពអង់គ្លេស ដោយបានបណ្តេញទូតរុស្ស៊ីចំនួន៦០នាក់ ចេញពីដែនដីរបស់ខ្លួន ព្រមទាំងបានចេញបញ្ជាឱ្យបិទស្ថានកុងស៊ុលរុស្ស៊ី ដែលស្ថិតនៅទីក្រុង ស៊ីតថល (Seattle)ថែមទៀតផង។
ជាការឆ្លើយតបរុស្ស៊ី បានទាមទារឱ្យសហរដ្ឋអាមេរិកបិទស្ថានកុងស៊ុលអាមេរិកដែលស្ថិតនៅក្នុងទីក្រុង សែនភីទ័រស្បឺក(St. Petersburg) ប្រទេស រុស្ស៊ី ព្រមទាំងបានបណ្តេញទូតអាមេរិក ៦០រូបចេញពីប្រទេសរបស់ខ្លួនផងដែរ។
ស្ថានភាពនេះ ត្រូវបានអ្នកវិភាគមួយចំនួនដែលតាមដានទំនាក់ទំនងអឺរ៉ុប និងរុស្ស៊ី បានចោទសំណួរថា តើការរួមដៃគ្នារវាងប្រទេស លោកខាងលិច ប្រឆាំងនឹងរុស្ស៊ី អាចចាត់ទុកជាការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់សម័យថ្មីបានដែរឬទេ?
អ្នកវិភាគប្រចាំសារព័ត៌មាន CGTIN ដែលមានមូលដ្ឋាននៅរដ្ឋធានី វ៉ាស៊ីនតោន បានចង្អុលបង្ហាញថា ការបណ្តេញទូតដែលជាការសងសឹកគ្នាទៅវិញទៅមក អាចបង្ហាញយ៉ាងច្បាស់ពីការបែកបាក់នៃទំនាក់ទំនងមិនត្រឹមតែរវាងរុស្ស៊ី ជាមួយអាមេរិក និងចក្រភពអង់គ្លេសប៉ុណ្ណោះទេ តែជាការបែកបាក់រវាងរុស្ស៊ី ជាមួយបណ្តាប្រទេសលោកខាងលិច ជម្លោះមិនមែនរវាងប្រទេសនិងប្រទេស តែជាជម្លោះប្លុកតែម្តង។
ដោយឡែកវាគ្មិនម្នាក់ប្រចាំសារព័ត៌មាន CCTV បានចង្អុលបង្ហាញថា សង្គ្រាមការទូតជាមួយរុស្ស៊ី បង្កឱ្យពិភពលោកនឹកឃើញ រូបភាពដឹតដាមក្នុងសម័យសង្គ្រាមត្រជាក់។ ជាការពិត ជម្លោះនេះមិនខុសអីពីព្រឹត្តិការណ៍នៃការចាប់ផ្ដើមសង្គ្រាមត្រជាក់នោះទេ ដោយសារវាជាជម្លោះគ្នាមិនមែនដោយអាវុធ តែជាការប្រឈមមុខដាក់គ្នាដោយសារវិវាទនយោបាយ និងវប្បធម៌។ សូមរំឮកបន្តិច កាលក្នុងសម័យសង្គ្រាមត្រជាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកដែលមានរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ១៩៨០ បណ្តាប្រទេស
ជាច្រើនបានរួមគ្មាន មិនចូលរួមព្រឹត្តិការណ៍នេះ។
យ៉ាងនេះក្តី វាមានភាពខុសគ្នារវាងសង្គ្រាមត្រជាក់កាលពីសតវត្សរ៍មុន និងសង្គ្រាមត្រជាក់ក្នុងពេលបច្ចុប្បន្ន។ តាមយោបល់របស់លោក “សង្គ្រាមត្រជាក់សម័យថ្មី” អាចនឹងមានភាពស្មុគស្មាញជាងបើធៀបនឹងសង្គ្រាមត្រជាក់កាលពីមុន។ មូលហេតុដោយសារអតុល្យភាពអំណាចរវាងអាមេរិក និងរុស្ស៊ី ភាពខុសដាច់ពីគ្នាផ្នែកអំណាចយោធា និងកង្វះនូវយន្តការនៃការធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងមេដឹកនាំនៃប្រទេសទាំងពីរ។
ជាក់ស្តែង បច្ចុប្បន្ន ក្នុងវិស័យសេដ្ឋកិច្ច និងអំណាចយោធា រុស្ស៊ី អន់ថយជាខ្លាំង បើប្រៀបធៀបទៅនឹងអាមេរិក ដែលវាខុសគ្នា ពីទសវត្សរ៍ឆ្នាំ១៩៨០។ ជាងនេះទៅទៀតនោះ ខណៈដែលសហរដ្ឋអាមេរិកមានកញ្ចប់ថវិកាសម្រាប់វិស័យយោធាប្រចាំឆ្នាំ២០១៧ មានចំនួនប្រហែល៧០០ពាន់លានដុល្លារ រដ្ឋាភិបាលរុស្ស៊ីចំណាយត្រឹមតែ ៤៦ពាន់លានដុល្លារប៉ុណ្ណោះ វាស្មើនឹង៦,៥៧ភាគរយនៃថវិកាយោធាសហរដ្ឋអាមេរិក។
ប៉ុន្តែ ថ្វីបើវិស័យយោធាសហរដ្ឋអាមេរិក លុបលើរុស្ស៊ីក្តី តែមិនមែនមានន័យថា លោកពូទីនមែនរក្សាភាពស្ងប់ស្ងាត់ចំពោះបញ្ហាសកលលោកទេ ជាពិសេសនៅពេលវាទាក់ទងទៅនឹងផលប្រយោជន៍របស់រុស្ស៊ី។ អ្នកវិភាគនយោបាយម្នាក់ ឈ្មោះលោក អែនដ្រេយ ព្យូដូរូ(Andrey Fyodorov) បានកត់សម្គាល់ថា "តាមរយៈការវិភាគទៅលើករណីជាច្រើន វាបានបង្ហាញយ៉ាងច្បាស់ណាស់ថា មេដឹកនាំកំពូលរុស្ស៊ី លោក វ្លាឌីមៀពូទីន កម្រនឹងលើកដៃចុះចាញ់ណាស់ ជាពិសេសផ្នែកនយោបាយ" ។ លោកពូទីនច្បាស់ជាមិននិយាយនោះទេពាក្យថា "ខ្ញុំយល់ស្របនឹងការទាមទាររបស់លោកខាងលិច”។ ហើយវាមិនអាចទៅរួចទេ សម្រាប់បុរសខ្លាំងរូបនេះ ដែលប្រកាសចុះចាញ់អ្វីមួយនោះ" ។
ដោយអនុភាពយោធាដ៏ខ្លាំងក្លា អាចឱ្យលោក ដូណាល់ត្រាំ ប្រកាន់ជំហរយ៉ាងរឹងមាំ ឆ្លើយតបវិញភ្លាមៗចំពោះការដាក់ទណ្ឌកម្មពីសំណាក់រុស្ស៊ី ទៅលើសហរដ្ឋអាមេរិក។ ជាលទ្ធផលការប្រឈមមុខដាក់គ្នាទៅវិញទៅមក នឹងនាំមកនូវការគំរាមកំហែងដល់សន្តិភាពពិភពលោក។
តាមការយល់ឃើញ របស់លោក អែនដ្រេយ ព្យូដូរូ(Andrey Fyodorov) បានលើកឡើងថា ទោះបីជាទំនាក់ទំនងរុស្ស៊ី-អាមេរិកហាក់ដូចជាស្ថិតក្នុងចំណុចទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះក្តី ក៏វាមិនមានន័យថា ជាការវិលត្រឡប់មកកាន់សង្គ្រាមត្រជាក់វិញនោះទេ។ លោកបានហៅស្ថានភាពបច្ចុប្បន្នថា វាត្រឹមតែជា ច្រកទ្វានៃផ្លូវឆ្ពោះទៅរកសង្រ្គាមត្រជាក់ប៉ុណ្ណោះ។ ថ្វីត្បិត សហរដ្ឋអាមេរិក និងរុស្ស៊ី មើលមុខគ្នាមិនចំ មានការខ្វែងគំនិតនយោបាយ ហើយបន្តជម្លោះរបស់ខ្លួន ប៉ុន្តែមិនមានជាការបញ្ចប់ទំនាក់ទំនងទាំងស្រុងនោះទេ ។
ហេតុនេះដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងបញ្ចៀសសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គួរតែចរចាជាមួយរុស្ស៊ី ជាជាងប្រើប្រាស់សកម្មភាពជ្រុលហួសហេតុ ដែលវាមិនត្រឹមបង្កផលប៉ះពាល់ត្រឹមតែទំនាក់ទំនងរវាងមហាអំណាចនោះទេ តែវានឹងបង្កផលប៉ះពាល់ជាខ្លាំងដល់សន្តិភាពពិភពលោក៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា