(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សយ៉ាងហោចណាស់ ០៦នាក់បានស្លាប់ បន្ទាប់ពីខ្យល់ព្យុះស៊ីក្លូនត្រូពិច Josie បានវាយប្រហារលើតំបន់ប៉ែកខាងលិច នៃប្រទេសដែនកោះហ្វីជី ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕
២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកមានបំណងប្រើប្រាស់យោធា ក្នុងការធានាសន្តិសុខនៅតាម តំបន់ព្រំដែនជាមួយម៉ិចស៊ីកូ រហូតដល់ជញ្ជំាងព្រំដែនរបស់លោក ត្រូវបានសាងសង់រួចរាល់៕
៣៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ជាថ្មីម្ដងទៀតបានប្រើប្រាស់មាត់ឆៅរបស់លោក រិះគន់យ៉ាងចាស់ដៃលើ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយហៅមេសិទ្ធិមនុស្ស UN រូបនេះជា «មនុស្សល្ងង់ល្ងីល្ងើ» ខណៈអន្តរជាតិកំពុងថ្កោលទោសលើសង្រ្គាមប្រឆាំងគ្រឿងញៀន របស់រដ្ឋាភិបាលទីក្រុងម៉ានីល៕
៤៖ ការប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ឱ្យប្រទេសតួកគី ត្រូវបានគេកំណត់ថា នឹងត្រូវបានឡើងនៅខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ហើយវានឹងធ្វើឱ្យតួកគី ក្លាយជាប្រទេសសមាជិកអង្គការណាតូរបស់សហរដ្ឋអាមេរិកដំបូងបំផុត ដែលប្រើប្រាស់ S-400៕
៥៖មនុស្សម្នាក់ស្លាប់ និង ០៤នាក់ ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងកម្រោលមួយស្ថិតនៅក្បែរទីស្នាក់ ការកណ្តាលនៃបណ្តាញសង្គម Youtube ដ៏ល្បីល្បាញរបស់ពិភពលោក ស្ថិតនៅក្នុងរដ្ឋកាលីហ្វរញ៉ា ភាគនិរតីសហរដ្ឋអាមេរិក៕
៦៖ ចិននាថ្ងៃពុធនេះ បានប្រកាសចំណាត់ការធ្ងន់ធ្ងរថ្មីផ្សេងទៀត នោះគឺការគ្រោងតម្លើងពន្ធ ទៅលើទំនិញនាំចូលចំនួន ១០៦មុខ បន្ថែមរបស់សហរដ្ឋអាមេរិក រួមមានទាំងផលិតផលសណ្តែកសៀង យានយន្ត និងគ្រឿងគីមីជាដើម ក្នុងការឆ្លើយតបចំពោះ គម្រោងដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន មកលើផលិតផលចិនដល់ទៅ ១,៣០០មុខ ដែលលោក ដូណាល់ ត្រាំ ទើបប្រកាស៕