(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញឥរិយាបថមិនច្បាស់លាស់នោះឡើយ ដោយលោកបានសង្កត់ធ្ងន់លើកាយវិការតឹងរ៉ឹងរបស់លោក ទៅលើទីក្រុងម៉ូស្គូ ប៉ុន្តែទន្ទឹមនឹងនេះរូបលោករំពឹងថា នឹងទទួលបានទំនាក់ទំនងល្អប្រសើរជាងមុនជាមួយគ្នាទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
នៅឯសេតវិមាន ក្នុងអំឡុងនៃការទទួលជួបពិភាក្សា ជាមេដឹកនាំមកប្រទេសចំនួន ០៣ នៅតំបន់បាល់ទិច (Baltic) លោក ដូណាល់ ត្រាំ បាននិយាយថា «ប្រហែលជាពុំមាននរណាផ្សេង ធ្លាប់បានចាត់វិធានការតឹងរ៉ឹង ដាក់ប្រទេសរុស្ស៊ីជាង ដូណាល់ ត្រាំ ឡើយ»។ ស្របពេលជាមួយគ្នា លោក ត្រាំ បានលើកឡើងដូច្នេះវិញថា «បើល្អបំផុត យើងចង់អាចត្រូវរ៉ូវគ្នាបានជាមួយប្រទេសរុស្ស៊ី។ ការត្រូវគ្នាជាមួយរុស្ស៊ី គឺជារឿងដ៏ល្អមួយ ពុំមែនជារឿងអាក្រក់ឡើយ។ ខ្ញុំគិតថា ខ្ញុំអាចមានទំនាក់ទំនងយ៉ាងប្រសើរ ជាមួយលោកប្រធានាធិបតី ពូទីន»។
គួរជម្រាបថា ទំនាក់ទំនងវវាងទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូ បានធ្លាក់ចុះដល់កម្រិតថ្មីទៀត ដោយសារតែសហរដ្ឋអាមេរិក បានបណ្តេញមន្រ្តីទូតរុស្ស៊ី ៦០នាក់ និងបិទស្ថានកុងស៊ុលរុស្ស៊ី នៅទីក្រុងសៀតថល (Seattle) នៅក្នុងសកម្មភាពរួមមួយ ជាមួយចក្រភពអង់គ្លេសនិងបណ្តាប្រទេសលោកខាងលិចមួយចំនួនទៀត ជុំវិញករណីបំពុលអតីតមន្រ្តីចារកម្មរុស្ស៊ី ដែលប្រទេសទាំងនោះសង្ស័យថា ទីក្រុងម៉ូស្គូជាអ្នកនៅពីក្រោយខ្នង។
ជាក្រោយឆ្លើយតប ទីក្រុងម៉ូស្គូ បានចាត់វិធានការសងសឹកវិញ តាមរយៈការបណ្តេញចំនួនមន្រ្តីទូតអាមេរិកក្នុងចំនួនដូចគ្នា ហើយបិទស្ថានកុងស៊ុលអាមេរិកនៅក្រុង សេនភីធឺប៊ឺក (St. Peterburg) ព្រមទាំងបណ្តេញមន្រ្តីទូត នៃប្រទេសអឺរ៉ុបមួយចំនួនទៀត។ ដោយឡែក ទោះបីជាមានបញ្ហាវិវាទជុំវិញរឿងនេះក៏ដោយ កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានហៅទូរស័ព្ទទៅលោក ពូទីន ដើម្បីអបអរសាទរលោក សម្រាប់ការជាប់ឆ្នោតនៅអាណត្តិទីបួន និងស្នើឲ្យមានការបើកកិច្ចប្រជុំជាមួយគ្នា នៅតាមទីតាំងសំខាន់ៗមួយចំនួន រួមទាំងសេតវិមាន នាពេលអនាគត ដោយមិនខ្វល់ពីការជំទាស់យ៉ាងខ្លាំង ពីសំណាក់ក្រុមទីប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់លោកឡើយ៕