(ប៉េកាំង)៖ ចិននាថ្ងៃពុធនេះ បានប្រកាសចំណាត់ការធ្ងន់ធ្ងរថ្មីផ្សេងទៀត នោះគឺការគ្រោងតម្លើងពន្ធ ទៅលើទំនិញនាំចូលចំនួន ១០៦មុខ បន្ថែមរបស់សហរដ្ឋអាមេរិក រួមមានទាំងផលិតផលសណ្តែកសៀង យានយន្ត និងគ្រឿងគីមីជាដើម ក្នុងការឆ្លើយតបចំពោះគម្រោងដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន មកលើផលិតផលចិនដល់ទៅ ១,៣០០មុខ ដែលលោក ដូណាល់ ត្រាំ ទើបប្រកាស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការិយាល័យ នៃតំណាងពាណិជ្ជកម្មសហដ្ឋអាមេរិក ហៅកាត់ថា USTR បានប្រកាសពីបញ្ចីសំណើស្តីពីការដំឡើងពន្ធបន្ថែម ២៥ភាគរយ ទៅលើទំនិញនាំចូលចំនួន ១,៣០០មុខរបស់ប្រទេសចិន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងប៉េកាំង និងក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិកផ្ទាល់យ៉ាងណាក្តី។
គួរជម្រាបថា រឿងហេតុចាត់វិធានការដំឡើងពន្ធលើទំនិញនាំចូលប្រទេសរៀងៗខ្លួននេះ បានផ្ទុះឡើងចាប់ពីសហរដ្ឋអាមេរិក បានសម្រេចធ្វើការដំឡើងអត្រាពន្ធខ្ពស់ ទៅលើការនាំចូលដែក និងអាលុយមីញ៉ូ ដែលទំនងជាមានគោលដៅ ជាពិសេសទៅលើប្រទេសចិន។ ភ្លាមៗនោះ ទីក្រុងប៉េកាំង ជាការឆ្លើយតបក៏បានសម្រេចដំឡើងពន្ធលើទំនិញនាំចូលរបស់អាមេរិកជាង ១០០មុខ ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកាសសងសឹកគ្នាទៅវិញទៅមករវាងមហាយក្សសេដ្ឋកិច្ចទាំងពីរនេះ គឺគ្រាន់តែជាគម្រោងដើម្បីព្រមានគ្នារៀងៗខ្លួនប៉ុណ្ណោះ ប៉ុន្តែបើអាមេរិកហ៊ានធ្វើ ចិនក៏ហ៊ានតបតទៅវិញដូចគ្នា៕