(ប្រេស៊ីឡា)៖ ការសម្រេចដំឡើងពន្ធលើការនាំចូល ដែក-អាលុយមីញ៉ូម ព្រមទាំងវិធានការគាំពារនិយមដទៃៗទៀត ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជះផលប៉ះពាល់ជាខ្លាំង បកត្រឡប់ទៅរក មហាអំណាចសេដ្ឋកិច្ចលេខមួយ លើលោកនេះវិញ។ នេះបើតាមសម្តីរបស់សេដ្ឋវិទូប្រេស៊ីលមួយរូប ឈ្មោះ សេសារ ប៊ឺហ្គោ (Cesar Bergo) ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
លោក Bergo បានលើកឡើងយ៉ាងដូច្នេះថា «ដោយផ្ទុយពីគោលបំណងសំដៅគាំទ្រ និងការពារវិស័យឧស្សាហកម្មជាតិ សហរដ្ឋអាមេរិកកំពុងតែយកកាំភ្លើង មកបាញ់ជើងខ្លួនឯងហើយ» ដែលលោកចង់សំដៅថា កំពូលមហាអំណាចសេដ្ឋកិច្ចមួយនេះ កំពុងតែបំផ្លិចបំផ្លាញវឌ្ឍនភាពរបស់ខ្លួនឯង តាមរយៈសកម្មភាព ក៏ដូចជាការសម្រេចចិត្តដ៏ឆោតល្ងង់។
កាលពីខែមុន លោក ដូណាល់ ត្រាំ បានបញ្ចេញគម្រោងដំឡើងពន្ធ ដ៏ចម្រូងចម្រាសមួយ គឺដំឡើងពន្ធលើការនាំចូលដែក ២៥ភាគរយ និងការនាំចូលអាលុយមីញ៉ូម ១០ភាគរយ និងបង្កើនថ្លៃពន្ធរហូតដល់ ៦០ពាន់លានដុល្លារ សម្រាប់ទំនិញនាំចូលមកពីចិន។ ក្រោយមក លោកបានសម្រេចផ្តល់ការលើកលែង ដល់ប្រទេសមួយចំនួនពីការដំឡើងពន្ធនេះ រួមមានម៉ិចស៊ីកូ កាណាដា និងប្រេស៊ីលជាដើម ប៉ុន្តែក្រុមអ្នកវិភាគជាច្រើន មានក្តីព្រួយបារម្ភថា វិធានការក្តៅនេះ នឹងបង្កភាពរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬក៏អាចដល់កំណើនសេដ្ឋកិច្ចពិភពលោកថែមទៀតផង។
សេដ្ឋវិទូប្រេស៊ីលដដែល បានបន្តថា ដោយមើលលើទង្វើនេះ លោក ដូណាល់ ត្រាំ ហាក់ដូចជាកំពុងខិតខំបំពេញតាមពាក្យសន្យារបស់លោក ដែលថា លោកនឹងការពារពលរដ្ឋអាមេរិក តាមរយៈគោលការណ៍គាំពារនិយម ប៉ុន្តែអ្វីដែលនឹងកើតឡើងនោះ គឺចំណាត់ការនេះនឹងដាក់បន្ទុកការចំណាយ លើផលិតកម្មថែមទៀត ទៅក្នុងទីផ្សារអាមេរិក ហើយទំនាក់ទំនងផ្នែកពាណិជ្ជកម្មដ៏យូរអង្វែងរបស់អាមេរិកជាមួយដៃគូសំខាន់ៗ នឹងនឹងទទួលរងផលប៉ះពាល់ផងដែរ។
គួរជម្រាបថា បើតាមលោក Bergo ចំណាត់ការគាំពារនិយមរបស់ លោក ត្រាំ ទំនងជាមានគោលដៅជាពិសេសទៅលើប្រទេសចិន ដែលនាពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង ជាមួយការរីកដុះដាលនៃវិស័យឧស្សាហកម្មដែក ព្រមទាំងផ្នែកបច្ចេកវិទ្យា។
លោក Bergo បានបញ្ជាក់ថា ចិនដែលជាអ្នកផលិតដែករាប់រយលានតោននោះ នឹងក្លាយប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារគោលនយោបាយមួយនេះរបស់អាមេរិក តែផ្ទុយទៅវិញ សហរដ្ឋអាមេរិកខ្លួនមិនអាចផលិតដែក ដើម្បីបំពេញតម្រូវការក្នុងស្រុកបានឡើយ និងត្រូវតែធ្វើការនាំចូលពីខាងក្រៅ។
ហេតុដូច្នេះថា លោក Bergo បានយល់ឃើញថា នៅទីបំផុតសហរដ្ឋអាមេរិក និងចិន នឹងត្រូវតែអង្គុយចុះដើម្បីចរចាគ្នា ហើយទោះបីជាចិនអាចនឹងទទួលរងផលប៉ះពាល់អវិជ្ជមាន លើផ្នែកសេដ្ឋកិច្ចក៏ដោយ មហាយក្សមួយនេះនៅតែមានទឹកមាត់ប្រៃដដែល ពីព្រោះថា ចិនមានសក្តានុពលយ៉ាងធំធេងសម្រាប់ការចរចា ដោយសារតែខ្លួនគឺជាម្ចាស់បំណុល ធំបំផុតរបស់សហរដ្ឋអាមេរិក៕