(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ជាថ្មីម្ដងទៀតបានប្រើប្រាស់មាត់ឆៅរបស់លោក រិះគន់យ៉ាងចាស់ដៃលើ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយហៅមេសិទ្ធិមនុស្ស UN រូបនេះជា «មនុស្សល្ងង់ល្ងីល្ងើ» ខណៈអន្តរ ជាតិកំពុងថ្កោលទោសលើ សង្រ្គាមប្រឆាំងគ្រឿងញៀន របស់រដ្ឋាភិបាលទីក្រុងម៉ានីល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
ប្រតិកម្មរបស់លោក ឌូតឺតេ កើតមានឡើងបន្ទាប់ពីប្រធានឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) កាលពីខែមុន បាននិយាយថា ប្រធានាធិបតីហ្វីលីពីនវ័យ ៧៣ឆ្នាំរូបនេះ ចាំបាច់ត្រូវតែទៅពិគ្រោះបញ្ហាជំងឺផ្លូវ ចិត្តជាមួយពេទ្យចិត្តសាស្រ្ត។ ថ្លែងនៅក្នុងសុន្ទរកថា មួយកាលពីយប់ថ្ងៃអង្គារ លោក ឌូតឺតេ បានលើកឡើងដូច្នេះថា «Hey! កូនមី.... អ្នកថាខ្ញុំត្រូវតែទៅពេទ្យរោគចិត្ត ប៉ុន្តែគ្រូពេទ្យប្រាប់ខ្ញុំថា ខ្ញុំប្រក្រតីល្អណាស់ ហើយអ្នកទៅវិញទេដែលមានក្បាលធំ តែទទេស្អាត វាគឺទទេស្អាត»។
ដោយឡែកទាក់ទិននឹងសង្រ្គាមគ្រឿងញៀន លោក ឌូតឺតេ ក៏បានចេញមុខការពារគោលនយោបាយ និងចំណាត់ការនៃរដ្ឋាភិបាល របស់លោកផងដែរ។ «ខ្ញុំឈ្លើយមែនទេ? មែនខ្ញុំពិតជាឈ្លើយ... ខ្ញុំសម្លាប់មនុស្សមែនទេ? មែនខ្ញុំពិតជាសម្លាប់មែន... តែខ្ញុំបានប្រាប់ អ្នកហើយឱ្យឈប់ពាក់ព័ន្ធនឹងគ្រឿងញៀន»។ នេះបើតាមសម្តីលោក ឌូតឺតេ។
គួរបញ្ជាក់ថា គិតចាប់តាំងពីលោក ឌូតឺតេ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីហ្វីលីពីន កាលពីពាក់កណ្ដាលឆ្នាំ២០១៦ មនុស្សយ៉ាងហោចណាស់ ៤,១០០នាក់ បានស្លាប់នៅក្នុងសង្រ្គាមគ្រឿងរបស់លោក។ ម្យ៉ាងវិញទៀត បើទោះជាអន្តរជាតិថ្កោលទោស និងរិះគន់យ៉ាងណាក៏ដោយ ក៏លោកនៅតែអះអាងថា លោកនឹងបោសសំអាតពួកឧក្រិដ្ឋជនគ្រឿងញៀន ចេញហ្វីលីពីន ដើម្បីសន្តិសុខ និងអនាគតកូនចៅជំនាន់ក្រោយ៕