អាកាសចរណ៍ចិន China Eastern កំពុងជម្រុញអ្នកទេសចរចិន ឲ្យទៅលេងប្រទេសឡាវ កាន់តែច្រើនជាងមុន!
04-04-2018 12:27
(វៀងច័ន្ទ)៖ ប្រទេសឡាវដែលជាអ្នកជិតខាងរបស់កម្ពុជា កំពុងត្រូវបានក្រុមហ៊ុនអាកាសចរណ៍ចិនជួយលើកស្ទួយ តាមរយៈការលើកទឹកចិត្តប្រជាជនចិន ឲ្យធ្វើដំណើរកម្សាន្តកាន់តែច្រើន មកកាន់ប្រជាជាតិអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
សកម្មភាពលើកកម្ពស់ការធ្វើដំណើរកម្សាន្តខាងលើ ដែលផ្តួចផ្តើមដោយ ក្រុមហ៊ុនអាកាសចរណ៍ចិនភាគខាងកើត (China Eastern Airlines) នឹងផ្តល់ឱកាសបន្ថែមឲ្យបណ្តាទីភ្នាក់ងារទេសចរណ៍ មកពីតំបន់ភាគខាងកើត និងខាងជើង នៃប្រទេសចិន ធ្វើការស្វែងយល់កាន់ស៊ីជម្រៅ អំពីធនធានសម្រាប់វិស័យទេសចរណ៍របស់ឡាវ និងជួយទាក់ទាញភ្ញៀវទេសចរពីតំបន់ទាំងនោះ មកកាន់ប្រទេសអាស៊ានមួយនេះតែម្តង។
គួរជម្រាបថា បើតាមសារព័ត៌មានឡាវ Vientiane Times ចំនួនអ្នកដំណើរ ដែលបានធ្វើដំណើរឆ្លងកាត់ អាកាសយានដ្ឋានឡាវ កើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ០៩ភាគរយ គិតពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៩។ កាលពីឆ្នាំ២០១៧ ភ្ញៀវទេសចរដែលបានមកដល់ប្រទេសឡាវ មានចំនួន ៣.៨លាននាក់ ដែលថយពី ៤.២៣លាននាក់នៅឆ្នាំ២០១៦ ហើយទោះជាបែបនេះក្តី ជនជាតិចិនគឺជាភ្ញៀវទេសចរតែមួយគត់ ដែលមានចំនួនកើនឡើង៕