(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកមានបំណងប្រើប្រាស់យោធា ក្នុងការធានាសន្តិសុខ នៅតាមតំបន់ព្រំដែនជាមួយម៉ិចស៊ីកូ រហូតដល់ជញ្ជំាងព្រំដែនរបស់លោក ត្រូវបានសាងសង់រួចរាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមាននាថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើង ប្រើប្រាស់យោធា ដើម្បីការពារព្រំដែនរបស់យើង រហូតដល់យើងមានជញ្ជាំងព្រំដែនមួយ និងសន្តិសុខពេញលេញ»។ តែទោះជាយ៉ាងនេះក្ដី គោលបំណងរបស់លោក ត្រាំ ទំនងជាអាចនឹងបង្កជាភាពចម្រូងចម្រាស់ ក៏ដូចជាការជជែកដេញដោលពីភាពស្របច្បាប់ នៃគំនិតនេះ មុននឹងវាត្រូវលេចចេញជាសកម្មភាព ហើយរដ្ឋាភិបាលម៉ិចស៊ីកូ ពិតណាស់ថានឹងក្តៅស្លឹកត្រចៀក ដោយសារចេតនាថ្មីរបស់មេដឹកនាំអាមេរិករូបនេះដែរ។
គួររំលឹកថា កាលពីខែមីនា លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកញ្ចប់ថវិកាជាង ១.៣ទ្រីលានដុល្លារ (១.៣ពាន់ពាន់លានដុល្លារ) ក្នុងនោះមាន ១.៦ពាន់លានដុល្លារសម្រាប់ប្រើប្រាស់ ក្នុងការចាត់វិធានការនានា ដើម្បី ថែរក្សាសន្តិសុខនៅតាមតំបន់ព្រំដែន។ ប៉ុន្តែកញ្ចប់ថវិកានេះ គឺតិច ជាងការរំពឹងទុករបស់រដ្ឋបាលលោកផ្ទាល់៕