(ប៉េកាំង)៖ ប្រទេសអូស្រ្ដាលី អាចនឹងទទួលបានផលចំណេញ ពីសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន តាមរយៈការបង្កើនផលិតផលរបស់ខ្លួន និងជំនួសកន្លែងក្រុមហ៊ុនអាមេរិក នៅក្នុងទីផ្សារចិន។ នេះបើតាមការវិភាគដោយ លោក រ៉ូប៊ឺត ខូច (Robert Koch) ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅប្រាប់វិទ្យុជាតិអាមេរិក (NPR) លោក Robert Koch មកពីវិទ្យាស្ថាន Wine Institute បានកត់សម្គាល់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អូស្ត្រាលី។ អូស្ត្រាលី មានផលិតផលជាច្រើន ដែលដូចគ្នាទៅនឹងផលិតផល ដែលចិននាំចូលពីសហរដ្ឋអាមេរិក ពោលគឺផលិតផលទាំងនោះ សុទ្ធតែមាននៅក្នុងបញ្ជី នៃផលិតផលអាមេរិកចំនួន ១២៨មុខ ដែលត្រូវតម្លើងពន្ធ ២៥ភាគរយ ឬ ០៣ពាន់លានដុល្លារ ពីសំណាក់ទីក្រុងប៉េកាំង ជាការឆ្លើយតបទៅនឹងការតម្លើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ។
អ្នកជំនាញរូបនេះបន្ថែមថា ចិនយកពន្ធនាំចូលស្រាពីសហរដ្ឋអាមេរិក ១៤ភាគរយ ខណៈអូស្ត្រាលី ០ភាគរយ អនុឡោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ។ ដូច្នេះបើសិនជា សង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅតែបន្ត នោះអូស្ត្រាលីនឹងទទួលបានឱកាស បង្កើនការនាំចូលរបស់ខ្លួនទៅកាន់ប្រទេសចិន រហូតដល់អាចជំនួសក្រុមហ៊ុនអាមេរិក ក៏ថាបាន ព្រោះភាគច្រើននៃផលិផលអាមេរិក អូស្ត្រាលីក៏មានដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ អូស្រ្ដាលីនាំចេញស្រា (Wine) ទៅកាន់ប្រទេសចិន កើនឡើងរហូតដល់ទៅ ៦៣ភាគរយ ឬគិតជាទំហំទឹកប្រាក់ជាង ៨៤៨លានដុល្លារ ឬជិតស្មើពីរដងច្រើនជាងសហរដ្ឋអាមេរិក៕