(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានប្រកាសឲ្យថា ខ្លួនបានជ្រើសរើសយកក្រុមហ៊ុន Lockheed Martin សម្រាប់កុងត្រាតម្លៃប្រមាណ ២៤៧.៥លានដុល្លារ ដើម្បីរចនា និងសាងសង់យន្តហោះល្បឿនលឿន X-Plane ថ្មី (LBFD) ដែលអាចហោះហើរដោយស្ងប់ស្ងៀម នៅលើផ្ទៃអាកាសនៃសហរដ្ឋអាមេរិក នៅឆ្នាំ២០២២។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងមិនដល់ពីរសប្តាហ៍នោះឡើយ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកញ្ចប់ថវិកាសហព័ន្ធសម្រាប់ឆ្នាំ២០១៩ ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងពេញទំហឹង ដល់គម្រោង LBFD។ នៅក្នុងសំណើកញ្ចប់ថវិការបស់ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា យន្តហោះ X-Plane នឹងបើកឱកាសដល់ទីផ្សារថ្មី សម្រាប់ឲ្យក្រុមហ៊ុនអាមេរិក សាងសង់យន្តហោះពាណិជ្ជកម្មដែលលឿនជាងមុន, បង្កើតការងារជាច្រើនកន្លែងបន្ថែម, និងកាត់បន្ថយការចំណាយពេលវេលា ដើម្បីធ្វើដំណើរឆ្លងប្រទេស។
ក្នុងគម្រោងនេះ NASA និង Lockheed Martin ត្រូវតែធ្វើយ៉ាងរិះរកវិធីសាស្រ្ត ដើម្បីធ្វើឲ្យយន្តហោះ X-Plane បំណែករនាំងសំឡេង ដោយពុំមានបន្លឺសូរ Sonic Boom។ ដោយឡែក ខណៈដែលអង្គការ NASA កំពុងខិតខំធ្វើការកាត់បន្ថយសំឡេង Sonic Boom ក្រុមហ៊ុនដទៃទៀត កំពុងខិតខំផ្តោតទៅលើគម្រោង យន្តហោះល្បឿនលឿន Supersonic រៀងៗខ្លួនរបស់ពួកគេ ដែលយន្តហោះទាំងនោះ នៅតែមានបង្កសំឡេងលាន់ខ្លាំង ក្នុងអំឡុងពេលហោះហើរនៅឡើយ។
គួរជម្រាបថា យន្តហោះរបស់គម្រោង LBFD នឹងមានបណ្តោយប្រវែង ២៩ម៉ែត្រ ដែលហោះហើរនៅរយៈកម្ពស់ ១៧,០០០ម៉ែត្រ និងធ្វើដំណើរដល់ល្បឿន ១.៤ដង នៃល្បឿនសំឡេង គឺប្រហែល ១,៦០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលវានឹងបង្កសំឡេងលាន់រំខានជាខ្លាំង ដល់មនុស្សដែលរស់នៅក្នុងតំបន់ ដែលយន្តហោះប្រភេទនេះ ហោះឆ្លងកាត់។ ដូច្នេះហើយទើប NASA ខិតខំរកវិធីកាត់បន្ថយ និងលុបបំបាត់ផលអវិជ្ជមាននេះ៕