(អង់ការ៉ា)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីតួកគី លោក អឺដូហ្កាន់ ថារុស្ស៊ីនឹងបង្កើនល្បឿនប្រគល់ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឱ្យអង់ការ៉ា ដែលនេះកំពុងបង្កការព្រួយបារម្ភជាខ្លាំង ក្នុងចំណោមប្រទេសជាសមាជិក អង្គការណាតូរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
លោក ពូទីន អះអាងបែបនេះ នៅក្នុងឱកាសលោកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃមកកាន់តួកគីកាលពីថ្ងៃអង្គារ និងចំពេលដែលទីក្រុងម៉ូស្គូ កំពុងធ្វើសង្រ្គាមការទូតជាមួយសហភាពអឺរ៉ុប ជុំវិញសំណុំរឿងបំពុលសម្លាប់ អតីតមន្ត្រីចារកម្មរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេស។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីរុស្ស៊ីបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំ និងលោក អឺដូហ្កាន់ បានសម្រេចចិត្តពន្លឿនការប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ទៅឱ្យទីក្រុងអង់ការ៉ា»។
គួរបញ្ជាក់ថា ក្រុមមន្ត្រីរុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០១៧ បាននិយាយថា ការប្រគល់ S-400 លើកដំបូង ដែលមានតម្លៃជាង ០២ពាន់លានដុល្លារ អាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០១៩ ឬក៏ដើមឆ្នាំ២០២០។ ចំណែកឯ ការបំពេញដំណើរទស្សនកិច្ចទៅក្រៅប្រទេស របស់លោក ពូទីន គឺបានប្រពឹ្រត្តជាលើកដំបូងបំផុត គិតចាប់តាំងពីរូបលោកបានជាប់ឆ្នោត ជាប្រធានាធិបតីរុស្ស៊ីជាថ្មី កាលពីខែមីនា៕