(អង់ការ៉ា)៖ ពិធីបើកការដ្ឋានសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ ដំបូងបំផុតរបស់តួកគី ដែលមានឈ្មោះថា អាកគូយូ (Akkuyu Nuclear Power Plant) ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក អឺដូហ្កាន់ និងលោក ពូទីន តាមរយៈវីដេអូឆ្លើយឆ្លងតាមប្រព័ន្ធអ៊ីនធឺណែត ចេញពីរដ្ឋធានីអង់ការ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
នាឱកាសនោះប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន បាននិយាយថា ការអនុវត្តន៍ដោយជោគជ័យ នៃគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu នឹងក្លាយជានិមិត្តរូបមួយ នៃការអភិវឌ្ឍប្រកបដោយសក្តានុពល ដែលកើតចេញពីភាពជាដៃគូតួកគី-រុស្ស៊ី។ ទន្ទឹមនឹងនេះប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានលើកឡើងថា ប្រទេសតួកគីកំពុងអនុវត្តន៍ គម្រោងយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ជាមួយប្រទេសរុស្ស៊ី រួមមានទាំងប្រព័ន្ធមីស៊ីល S-400 និងបណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន TurkStream ជាដើម ហើយការសាងសង់រោងចក្រនុយក្លេអ៊ែរ Akkuyu គ្រាន់តែជាផ្នែកមួយ នៃគម្រោងទាំងនេះប៉ុណ្ណោះ។
គួរជម្រាបថា រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu ដែលមានទីតាំងនៅក្នុងខេត្ត Mersin ភាគខាងត្បូងតួកគី នឹងត្រូវសាងសង់ឡើងជាមួយទឹកប្រាក់ប្រហែល ២០ពាន់លានដុល្លារ ហើយត្រូវគេរំពឹងថា នឹងអាចចាប់ធ្វើប្រតិបត្តិការបាននៅឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ត្រូវបានចុះហត្ថលេខារវាងទីក្រុងអង់ការ៉ា និងម៉ូស្គូ តាំងតែពីឆ្នាំ២០១០ម៉្លេះ ប៉ុន្តែត្រូវបានផ្អាកទៅវិញកាលពីឆ្នាំ២០១៥ នៅពេលដែលតួកគី បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង នៅក្បែរព្រំដែនស៊ីរី ដែលជាហេតុបានបណ្តាលឲ្យ ទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះជាខ្លាំង៕