​(ប៉េកាំង)៖ ចិនបានអះអាងច្បាស់ៗថា ខ្លួននឹងចាត់វិធានការឆ្លើយតប​វិញ បន្ទាប់ពីសហរដ្ឋអាមេរិក​ បានចេញផ្សាយ​បញ្ជីផលិតផល​ចិនជាង ១,៣០០មុខ ដែលស្ថិតនៅ​ក្រោម​គំរោង​តម្លើងពន្ធ ២៥ភាគរយ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។

ជុំវិញគំរោង​តម្លើងពន្ធនេះ​ដែរ សេតវិមានបាន​អះអាងថា ការស្នើតម្លើងពន្ធ​នាំចូលផលិតផល​ចិន ត្រូវបានធ្វើឡើង​ គឺជាការឆ្លើយតប​ទៅនឹងទីក្រុង​ប៉េកាំង ដែលទើប​តែ​បានប្រកាសពី​ការតម្លើងពន្ធ ២៥ភាគរយ ឬស្មើនឹង​ជាង ០៣ពាន់លានដុល្លារ លើ​ផលិតផល ១២៨មុខ​ នាំចូលពីចិន។ យ៉ាងណា​ក៏ដោយ ចិនបានថ្កោលទោស​យ៉ាងខ្លាំង ហើយថា ខ្លួននឹងចាត់វិធានការ​សងសឹក​នឹងការសម្រេច​ចិត្ត របស់ទីក្រុង​វ៉ាស៊ីនតោន។
«ការសម្រេច​ចិត្ត​ជាឯកតោភាគី​ និងមានលក្ខណៈគាំពារនិយម​របៀបនេះ គឺជាការរំលោភ​បំពានយ៉ាងធ្ងន់ធ្ងរលើមូលដ្ឋាន នៃគោលការណ៍​គ្រឹះ និងតម្លៃរបស់​អង្គការពាណិជ្ជកម្ម​ពិភពលោក (WTO)... ដូច្នេះចិននឹង​ចាត់វិធានការ​សមស្រប​ ទប់ទល់នឹង​សហរដ្ឋអាមេរិក​វិញ»។ នេះបើតាម​ការគូសបញ្ជាក់​របស់ស្ថានទូតចិន​ ប្រចាំទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃពុធនេះ។

គួរបញ្ជាក់ថា សំណើ​តម្លើងពន្ធរបស់​សេតវិមាន​ លើផលិតផលនាំ​ចូលពី​ចិន ១,៣០០មុខ ក្នុងនោះរួមមាន​ផលិតផល​វេជ្ជសាស្ត្រ ទូរទស្សន៍ កង់ គ្រឿងម៉ាស៊ីន រ៉ូបូត និងទំនាក់ទំនង​បច្ចេកវិទ្យា​ជាដើម។ កាលពីឆ្នាំមុន ការនាំចេញ​របស់ចិន​ទៅកាន់សហរដ្ឋអាមេរិក មាន ទំហំជាទឹក​ប្រាក់ជាង ៥០៦ពាន់លានដុល្លារ៕