(សាន់ហ្វ្រាន់ស៊ីស្កូ)៖ មនុស្សម្នាក់ស្លាប់ និង ០៤នាក់ ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងកម្រោលមួយ ស្ថិតនៅក្បែរទីស្នាក់ការកណ្តាល នៃបណ្តាញសង្គម Youtube ដ៏ល្បីល្បាញរបស់ពិភពលោក ស្ថិតនៅក្នុងរដ្ឋកាលីហ្វរញ៉ា ភាគនិរតីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
លោក អេដ បារប៊ឺរីនី (Ed Barberini) មេបញ្ជាការប៉ូលិសទីក្រុង San Bruno ដែលមានចម្ងាយ ១៩គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូង នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) បានបញ្ជាក់ថា ខ្មាន់កាំភ្លើងនោះ គឺជានារីដែលបានបង្កការបាញ់ប្រហារឲ្យមនុស្ស ០៤នាក់ រងរបួសរួចក៏បាញ់សម្លាប់ខ្លួនឯងជាក្រោយ។
ទោះបីជាប៉ូលិសបានស្វែងយល់ហេតុការណ៍ទាំងមូលក៏ដោយ ក៏ការស៊ើបអង្កេតរកមូលហេតុ ដែលបាននាំឲ្យស្ត្រីខាងលើនេះ បង្កការបាញ់រះ និងធ្វើអត្តឃាតខ្លួនឯងនោះ នៅតែធ្វើឡើងបន្តទៀត។ បន្ទាប់ពីការបាញ់ប្រហារកាលពីវេលាម៉ោង ១៤៖៤៨នាទី រសៀលថ្ងៃអង្គារ (ម៉ោងនៅកាលីហ្វរញ៉ា) នោះ ប៉ូលិសបាន និងកំពុងបន្តការស៊ើបអង្កេតផងដែរ ដើម្បីស្វែងរកជនពាក់ព័ន្ធ។
ដោយឡែកសម្រាប់អ្នករងរបួសទាំង ០៤នាក់នោះ គឺមានស្ត្រីពីរនាក់ និងបុរសពីរនាក់ ដែលមានអាយុចន្លោះពី ២៧ឆ្នាំ ដល់ ៣៦ឆ្នាំ ហើយក្នុងចំណោមនោះ ស្ត្រីម្នាក់ និងបុរសម្នាក់កំពុងស្ថិតនៅក្នុងអការៈរបួសធ្ងន់ធ្ងរ។ បន្ថែមពីនេះក្រុម Google ដែលជាអ្នកគ្រប់គ្រងលើ Youtube បានសន្យាសហការជាមួយសមត្ថកិច្ច ដើម្បីស៊ើបអង្កេតករណីបាញ់ប្រហារនេះផងដែរ៕