(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ តុលាការទីក្រុងសេអ៊ូល បានប្រកាសឲ្យដឹងនាថ្ងៃអង្គារនេះថា ខ្លួននឹងអនុញ្ញាតឲ្យសវនាការផ្តន្ទាទោសអតីតប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍ អាចផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍បាន៕

២៖ យន្ដហោះចម្បាំងមីយ៉ាន់ម៉ាមួយគ្រឿង បានធ្លាក់ខណៈពេលកំពុងដឹកនាំ ការបណ្ដុះបណ្ដាលហោះហើរមួយនៅក្បែរភូមិ គ្យុនកូណេ (Kyunkone) ស្ថិតនៅក្នុងទីក្រុង តងហ្គូ (Taungoo) នៃតំបន់បាហ្គោ (Bago) ភាគកណ្តាល ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង ១១៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅរ៉ង់ហ្គូន) ដោយបានបណ្តាលឲ្យអាកាសយានិកម្នាក់ដែលជាអ្នកបញ្ជាការ ហោះហើរនោះ បាត់បង់ជីវិត៕

៣៖ មន្ទីរពិសោធន៍អវកាសសាកល្បងរបស់ប្រទេសចិន Tiangong-1 បានធ្លាក់មកផ្ទៃផែនដីវិញ ហើយផ្នែកភាគច្រើនរបស់វាបាន ឆាបឆេះអស់កាលពីព្រឹកម្សិលមិញនេះ នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែនៅមានវត្ថុរាប់ម៉ឺនរាប់សែនទៀតដែលកំពុង នៅរសាត់អណ្តែតជុំវិញផែនដី ហើយ Tiangong-1 នឹងពុំមែនជាវត្ថុចុងក្រោយ ដែលនឹងធ្លាក់មកក្នុងផ្ទៃមេឃរបស់យើងដោយ គ្មានម្ចាស់ការបែបនេះឡើយ៕

៤៖ កម្មវិធីពិព័រណ៍អាកាសចរណ៍អន្តរជាតិលើកទី ២០ នៅប្រទេសឈីលី ដែលជាប្រភេទពិព័រណ៍ដ៏ធំជាងគេបំផុតប្រចាំនៅ តំបន់អាមេរិកឡាទីន បានចាប់ផ្តើមប្រព្រឹត្តទៅហើយនាថ្ងៃអង្គារនេះ ជាមួយការតាំងបង្ហាញយន្តហោះស៊ីវិល ក៏ដូចជាយោធាចំនួន ១២០គ្រឿង មកពីក្រុមហ៊ុន និងអ្នករៀបចំជាង ៥០៕

៥៖ ខណៈកំពុងមានទំនាក់ទំនងល្អបន្តិចជាមួយអ៊ីស្រាអែល ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed Bin Salman) បានឆ្លៀតវាយប្រហារលើមេដឹកនាំអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) ថា ជាហ៊ីធ្លែរ (Hitler) ទី ២ នៅក្នុងតំបន់មជ្ឈិមបូព៌ា៕

៦៖ ទីក្រុងប៉េកាំង និងតៃវ៉ាន់ កំពុងពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំង ខណៈបណ្តាញសារព័ត៌មានចិនបានជំរុញឲ្យមានការចេញដីកា ចាប់ខ្លួននាយករដ្ឋមន្រ្តីតៃវ៉ាន់ ដោយសារតែការធ្វើអត្ថាធិប្បាយរបស់លោក កាលពីចុងសប្តាហ៍មុនពាក់ព័ន្ធនឹងពាក្យ «ឯករាជ្យ»៕