(ប៊ែរឡាំង)៖ ក្រុមរដ្ឋអាជ្ញានៃប្រទេសអាល្លឺម៉ង់ បានដាក់សំណើឲ្យតុលាការផ្តល់ការអនុញ្ញាត ចំពោះការធ្វើបត្យាប័នអតីតមេដឹកនាំនៃតំបន់ Catalonia នៃប្រទេសអេស៉្បាញ គឺលោក ខាឡែស ភីកដឺម៉ុនត៍ (Carles Puigdemont) ទៅដល់ដៃរដ្ឋាភិបាលទីក្រុងម៉ាឌ្រីតវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Washington Post នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
ក្រុមរដ្ឋអាជ្ញាពិសេសនៅក្រុង ស្កាឡែសវីក (Schleswig) ភាគខាងជើងអាល្លឺម៉ង់ នាថ្ងៃអង្គារនេះបានឲ្យដឹងថា ពួកគេបានដាក់សំណើមួយទៅកាន់តុលាការប្រចាំតំបន់ ក្រោយពីមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុត ទៅលើដីកាចាប់ខ្លួនក្នុងតំបន់អឺរ៉ុប ដែលចេញដោយប្រទេសអេស៉្បាញ។ លោក Puigdemont ត្រូវបានចាប់ខ្លួននៅក្នុងទឹកដីអាល្លឺម៉ង់ តាំងតែពីថ្ងៃទី២៥ ខែមីនា កន្លងទៅ ដោយទីក្រុងម៉ាឌ្រីតបានចោទប្រកាន់លោក ពីបទបង្កអំពើបះបោរ តាមរយៈការរៀបចំបោះឆ្នោតប្រជាមតិមួយ ដែលពុំមានការអនុញ្ញាតត្រឹមត្រូវ។
គួរជម្រាបថា តុលាការទីក្រុង Schleswig ទំនងជានឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃទៀត ដើម្បីធ្វើការសម្រេចជាចុងក្រោយថា តើគួរតែធ្វើបត្យាប័ន លោក Puigdemont ដែរ ឬយ៉ាងណា៕