(រ៉ង់ហ្គូន)៖ យន្ដហោះចម្បាំង​មីយ៉ាន់ម៉ា​មួយគ្រឿង បានធ្លាក់ខណៈពេល​កំពុងដឹកនាំ​ ការបណ្ដុះបណ្ដាល​ហោះហើរ​មួយ នៅក្បែរភូមិ​គ្យុនកូណេ (Kyunkone) ស្ថិតនៅ​ក្នុង​ទីក្រុង តងហ្គូ (Taungoo) នៃតំបន់​បាហ្គោ (Bago) ភាគកណ្តាល ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង ១១៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅរ៉ង់ហ្គូន) ដោយបានបណ្តាល​ឲ្យអាកាសយានិក​ម្នាក់ ដែលជាអ្នកបញ្ជាការ​ហោះហើរនោះ បាត់បង់​ជីវិត។ នេះបើ​តាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​​សារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។

យន្តហោះចម្បាំង​ខាងលើនេះ ជាប្រភេទ​យន្តហោះ F-7 ឬ Chengdu J-7 គឺជាយន្តហោះ​​ផលិត​ដោយចិន ដែលត្រូវបាន​មីយ៉ាន់យកមក​ធ្វើការ​ហ្វឹកហ្វឺន ដល់មន្ត្រីទ័ព​អាកាស នៅព្រឹក​មិញនេះ។ ដោយឡែក​មូលហេតុដែល​បង្កឧប្បតិហេតុ​នេះ​ឡើង គឺទំនងជា​ការហោះហើរ​ខុសបច្ចេកទេស ព្រោះពេលកើតហេតុ​ ពីឡុតបានទទួលរងរបួសធ្ងន់​រហូតដល់​ស្លាប់ បន្ទាប់ពីការ​ចុះឆ័ត្រយោង ចេញពីយន្តហោះ​ដែលមាន​បញ្ហា៕