(សេអ៊ូល)៖ តុលាការទីក្រុងសេអ៊ូល បានប្រកាសឲ្យដឹងនាថ្ងៃអង្គារនេះថា ខ្លួននឹងអនុញ្ញាតឲ្យសវនាការផ្តន្ទាទោស អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍ អាចផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍បាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
លោកស្រី ផាក នឹងត្រូវប្រឈមមុខចំពោះការប្រកាសសាលក្រម ដោយតុលាការសង្កាត់ភាគកណ្តាលទីក្រុងសេអ៊ូល នៅក្នុងសវនាការកាត់ក្តី ដែលត្រូវបានគេគ្រោងនឹងប្រព្រឹត្តទៅ នាវេលាម៉ោង ០២៖១០នាទីរសៀល (ត្រូវនឹងម៉ោង ១២៖៣០នាទីរសៀល) ថ្ងៃសុក្រសប្តាហ៍នេះ។ លោកស្រី ផាក គឺនហេ បានទទួលរងការចោទប្រកាន់ពីបទសូកប៉ាន់ និងការបំពានសិទ្ធិប្រើប្រាស់អំណាច ព្រមទាំងពីបទពុករលួយដទៃទៀត ដែលពាក់ព័ន្ធនឹងករណីអនុញ្ញាតឲ្យមិត្តភក្តិរបស់លោកស្រី លូកលាន់ចូលកិច្ចការផ្ទៃក្នុងរដ្ឋ ដែលជាហេតុបានបណ្តាលឲ្យលោក ស្រី ត្រូវគេបោះឆ្នោតទម្លាក់ចេញពីអំណាចកាលពីឆ្នាំមុន។
គួរជម្រាបថា ការសម្រេចចិត្តបែបនេះរបស់តុលាការទីក្រុងសេអ៊ូល គឺជាលើកដំបូងបង្អស់ ចាប់តាំងតែពីតុលាការកំពូលកូរ៉េខាងត្បូង បានធ្វើកែប្រែច្បាប់កាលពីឆ្នាំទៅ ដើម្បីអនុញ្ញាតឲ្យមានការផ្សាយបន្តផ្ទាល់ នៃសវនាការកាត់ក្តី ប្រសិនបើវាត្រូវគេមើលឃើញថា ជារឿងចាំបាច់ និងដើម្បីប្រយោជន៍មហាជន ខណៈលោកស្រី ផាក គឺនហេ ធ្លាប់បានជំទាស់ចំពោះការធ្វើបែបនេះ។
ជុំវិញសំណុំរឿងនេះ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានទាមទារឲ្យតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារលោកស្រី ផាក រយៈពេល ៣០ឆ្នាំ។ ដោយឡែកនៅថ្ងៃសុក្រនេះ លោកស្រី ផាក ទំនងជានឹងពុំបង្ហាញខ្លួននៅសវនាការនោះឡើយ ដោយសារតែលោកស្រី តែងតែបានបដិសេធមិនចង់បង្ហាញមុខ តាំងតែពីខែតុលាឆ្នាំមុនមកម្ល៉េះ៕