(តៃប៉ិ)៖ ទីក្រុងប៉េកាំង និងតៃវ៉ាន់ កំពុងពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំង ខណៈបណ្តាញសារព័ត៌មានចិន បានជំរុញឲ្យមានការចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីតៃវ៉ាន់ ដោយសារតែការធ្វើអត្ថាធិប្បាយរបស់លោក កាលពីចុងសប្តាហ៍មុនពាក់ព័ន្ធ នឹងពាក្យ «ឯករាជ្យ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
ក្រោយពីនាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) បានថ្លែងនៅចំពោះមុខសភាតៃវ៉ាន់ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា រូបលោកគឺជា «មន្រ្តីរាជការឯករាជ្យរបស់តៃវ៉ាន់» និងថាគោលជំហររបស់លោក គឺតៃវ៉ាន់ជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យពេញលេញមួយនោះ កាសែតរដ្ឋដ៏ល្បីឈ្មោះរបស់ចិន Global Times បានលើកឡើងថា លោក Lai គួរតែត្រូវចាប់ខ្លួន ក៏ដូចជាកាត់ទោសក្រោមច្បាប់របស់ចិន ទាក់ទងនឹងបញ្ហាតៃវ៉ាន់ ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០០៥។
ជាមួយគ្នានេះ កាលពីយប់ថ្ងៃចន្ទម្សិលមិញ ការិយាល័យកិច្ចការតៃវ៉ាន់ នៃប្រទេសចិន បានចេញមុខវាយប្រហារលើ លោក Lai ថែមទៀត ចំពោះការធ្វើអត្ថាធិប្បាយរបស់លោក ដោយថា ពាក្យសម្តីបែបនេះ គឺគ្រោះថ្នាក់ និងគ្មានការកោតក្រែងអ្វីសោះ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងថាដែនដីកោះមួយនេះ ពុំមានថ្ងៃឃ្លាតឆ្ងាយពីចិនបានឡើយ។
ជុំវិញរឿងនេះ ក្រុមប្រឹក្សាកិច្ចការចិនរបស់តៃវ៉ាន់វិញ បានឆ្លើយតបថា សារព័ត៌មាន Global Times និងការធ្វើអត្ថាធិប្បាយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង គឺពោពេញដោយការគំរាមកំហែង និងគ្មានហេតុគ្មានផលទាល់តែសោះ ហើយបានបន្តថា លោក Lai បានគោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ របស់ប្រធានាធិបតី លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-Wen)។
ក្រុមប្រឹក្សាខាងលើបានបន្ថែមថា ចិនតែងតែបានធ្វើការគំរាមកំហែង និងគាបសង្កត់លើ ប្រជាជនក៏ដូចជារដ្ឋាភិបាលតៃវ៉ាន់ ហើយថែមទាំង ព្យាយាមប្រើប្រាស់ការគំរាមកំហែងផ្នែកយោធា និងផ្នែកច្បាប់ ដើម្បីរំលោភលើសេចក្តីថ្លែថ្នូរ និងផលប្រយោជន៍របស់តៃវ៉ាន់ ដោយទង្វើទាំងអស់នេះ នឹងគ្មានជួយអ្វីក្រៅពីបង្កើនភាពតានតឹងនឹងគ្នា ហើយបំផ្លាញទំនាក់ទំនងប៉ុណ្ណោះ។ បញ្ហារវាងចិន និងតៃវ៉ាន់ប្រែជាក្តៅគគុកខ្លាំងឡើងវិញ ក៏ព្រោះតែការចេញច្បាប់ធ្វើដំណើររវាងកោះតៃវ៉ាន់ ដែលរៀបចំឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕