(ញូដេលី)៖ ឧទ្ធម្ភាគចក្រដឹកជញ្ជូនមួយគ្រឿង របស់កងកម្លាំងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅអំឡុងពេលចុះចត បន្ទាប់ពីមានភ្លើងឆេះ នៅឯរដ្ឋយូតតារ៉ាខាន់ (Uttarakhand) ភាគខាងជើងប្រទេសឥណ្ឌា ដោយបណ្ដាលឱ្យមនុស្សមនុស្សទាំងអស់ ០៤នាក់ ដែលជិះនៅលើនោះរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
យោងតាមកងកម្លាំងទ័ពអាកាសឥណ្ឌា ឧទ្ធម្ភាគចក្រធុន Mi-17 ត្រូវបានភ្លើងឆេះ បន្ទាប់ពីប៉ះទង្គិចជាមួយបង្កាន់ដៃស្ពានដែកមួយ (iron girder) ខណៈកំពុងចុះចតនៅក្បែរប្រាសាទមួយ នៅលើភ្នំនៃរដ្ឋយូតតារ៉ាខាន់ ភាគខាងជើងប្រទេសឥណ្ឌា។ មនុស្ស ០៤នាក់ រួមមានទាំងពីឡុតម្នាក់ ដែលជិះនៅលើ ឧទ្ធម្ភាគចក្រនេះបានរងរបួស។
គួរបញ្ជាក់ថា អ្នករងរបួសទាំងអស់ត្រូវបានព្យាបាល ដោយក្រុមគ្រូពេទ្យយោធា ហើយការស៊ើបអង្កេតមួយ ក៏ត្រូវធ្វើឡើងផងដែរ។ Mi-17 ជាប្រភេទឧទ្ធម្ភាគចក្រដឹកជញ្ជូនផលិតដោយរុស្ស៊ី និងអាចផ្ទុកទម្ងន់បាន ៤,៥០០គីឡូក្រាម និងមនុស្ស ៣៦នាក់៕