(ប៉េកាំង)៖ ខណៈដែល​ផែនការជួបពិភាក្សាគ្នា​ជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាន់តែខិតជិត​ដល់ហើយនោះ រដ្ឋមន្ត្រីក្រសួង​ការបរទេសចិន លោក វ៉ាង យី បានអះអាងថា ប្រទេសចិន​សង្ឃឹមចង់ឲ្យ​គំរោងជួបគ្នានោះ ប្រព្រឹត្តទៅ​ដោយរលូន។ នេះបើតាម​ការដកស្រង់​ការផ្សាយពី Channel News Asia នារសៀល​ថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។

លោក វ៉ាង ដែលជា​រដ្ឋមន្ត្រីការបរទេសចិន ទើបបន្តតំណែង​នា​អាណត្តិទី ២ កាលពីពេល​ថ្មីៗកន្លង​ទៅនេះ ក៏បានប្រាប់អ្នក​សារព័ត៌មាន​នានា ក្នុងទីក្រុងប៉េកាំង​បន្តទៀតផងដែរថា «ខ្ញុំចង់ឲ្យ​គ្រប់ភាគី​​ទាំងអស់ ស្រឡាញ់នូវ​​ឱកាសដែល​មាន​ពេលនេះ»។ បន្ថែមពីនេះ លោក វ៉ាង បាន​សង្កត់ធ្ងន់ថា បញ្ហាសន្តិសុខ​ដែលជាក្តីកង្វល់​ពីសំណាក់គ្រប់ភាគី និងការលុប​បំបាត់នុយក្លេអ៊ែរ​ចេញពីឧបទ្វីបកូរ៉េ គឺជាបញ្ហា​ដែលត្រូវលើក​មកគិតគូរ។

គួរបញ្ជាក់ថា កិច្ចជំនួប​រវាងមេដឹកនាំ កូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រូវបាន​​រៀបចំ​គំរោងរួចទៅហើយ ថានឹងត្រូវធ្វើ​ឡើងនៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយ​ភាគីទាំងពីរ​​កំពុងសម្លឹង​មើល​​ អំពីការផ្សះផ្សា​​ទំនាក់ទំនង ដើម្បីបន្ធូរ​បន្ថយ​ភាពតាន​តឹង​ផ្នែក​យោធា​នៅលើ​​ឧបទ្វីបកូរ៉េ។ បន្ទាប់ពីកិច្ចជំនួបខាងមុខនេះរួច ទើបជំនួប​ជាប្រវត្តិសាស្ត្រ​រវាង ​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន អាចនឹងកើត​មានឡើង៕