(អាមេរិក)៖ មន្ទីរពិសោធន៍អវកាសសាកល្បងរបស់ប្រទេសចិន Tiangong-1 បានធ្លាក់មកផ្ទៃផែនដីវិញ ហើយផ្នែកភាគច្រើនរបស់វាបានឆាបឆេះអស់កាលពីព្រឹកម្សិលមិញនេះ នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែនៅមានវត្ថុរាប់ម៉ឺនរាប់សែនទៀត ដែលកំពុងនៅរសាត់អណ្តែតជុំវិញផែនដី ហើយ Tiangong-1 នឹងពុំមែនជាវត្ថុចុងក្រោយ ដែលនឹងធ្លាក់មកក្នុងផ្ទៃមេឃរបស់យើង ដោយគ្មានម្ចាស់ការបែបនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
លោក Jonathan McDowell ដែលជាអ្នកវិទ្យាសាស្រ្តម្នាក់ ឯកទេសខាងផ្នែកតារាសាស្រ្ត និងរូបវិទ្យា បានលើកឡើងថា «វានៅមានវត្ថុធំៗមួយចំនួនក្នុងទីអវកាស នៃគន្លងគោចរកម្រិតទាបរបស់ផែនដី ដែលពួកយើងទាំងអស់គ្នា គួរតាមឃ្លាំមើលឲ្យបានដិតដល់»។ ក្នុងចំណោមនោះរួមមានបំណែក នៃគ្រាប់រ៉ុក្កែតរបស់ឥណ្ឌា PSLV ដែលបាននាំយកផ្កាយរណបមួយគ្រឿង ទៅកាន់ទីអវកាសកាលពីខែមេសា ឆ្នាំ២០១២។
PSLV មានទម្ងន់ត្រឹមតែមួយតោនប៉ុណ្ណោះ គឺស្រាលជាងឆ្ងាយបើធៀបនឹងទម្ងន់ ៩.៤តោនរបស់ Tiangong-1 ប៉ុន្តែបើតាមក្រុមហ៊ុន Aerospace Corporation ដែលមានឯកទេសខាងតាមដានវត្ថុអវកាសធ្លាក់ចុះមកផែនដីនោះ PSL ត្រូវគេរំពឹងថា នឹងធ្លាក់ចុះមកដល់បរិយាកាសរបស់យើង នៅថ្ងៃស្អែកនេះតែម្តង។
ជាមួយគ្នានេះ បំណែកនៃគ្រាប់រ៉ុក្កែតទម្ងន់កន្លះតោនរបស់អឺរ៉ុប Ariane 5 ដែលត្រូវបានបង្ហោះទៅទីអវកាសកាលពី ខែឧសភា ឆ្នាំ២០១៧ និងកំពុងរសាត់អណ្តែតក្នុងគន្លងរាងពងក្រពើជុំវិញផែនដីនោះ ក៏ត្រូវគេរំពឹងថា នឹងចូលមកក្នុងបរិយាកាសវិញនៅថ្ងៃតែមួយដូចនឹង PSLV ផងដែរ បើតាមការប្រកាសពីក្រុមហ៊ុន Aerospace Corporation។
ក្រៅពីនេះ លោក McDowell បានបន្តថា វត្ថុអវកាសធំបន្ទាប់ដែលយើងគួរបារម្ភនោះ គឺផ្កាយរណប RXTE របស់ទីភ្នាក់ងារអវកាស NASA មានទម្ងន់ ០៣តោន ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ១៩៩៥ ហើយវាអាចធ្លាក់ចុះមកក្នុងបរិយាកាសផែនដីវិញ នៅខ្ទង់ពាក់កណ្តាលខែមេសានេះ។
គួរបញ្ជាក់ថា អ្នកតាមដានអវកាសនានា ជាពិសេសលោកខាងលិច ហាក់មានការចេញផ្សាយច្រើនហួសហេតុ អំពីការធ្លាក់ចុះមកវិញ នៃបន្ទប់ស្ថានីយអវកាសចិនTiangong-1 ដោយសារតែវាជាលើកដំបូង ដែលវត្ថុអវកាសផលិតដោយចិនផ្ទាល់ ជួបបញ្ហាខូចខាត និងធ្លាក់មកវិញដោយគ្រប់គ្រងលែងបាន ប៉ុន្តែសំណាងល្អ ដែលវាមិនបានបង្កបញ្ហាអ្វីបន្តិចឡើយ៕