(រីយ៉ាដ)៖ ខណៈកំពុងមានទំនាក់ទំនងល្អបន្តិចជាមួយអ៊ីស្រាអែល ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed Bin Salman) បានឆ្លៀតវាយប្រហារលើមេដឹកនាំអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) ថា ជាហ៊ីធ្លែរ (Hitler) ទី ២ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Jeffrey Goldberg ចេញផ្សាយកាលពីថ្ងៃចន្ទ ព្រះអង្គម្ចាស់ Bin Salman បានមានបន្ទូលយ៉ាងដូច្នេះថា «គាត់ (Ayatollah Ali Khamenei) គឺជា ហ៊ីធ្លែរ (Hitler) ទី ២ នៅក្នុងតំបន់មជ្ឈិមបូព៌ា... ហើយកាលពីអំឡុង ឆ្នាំ១៩២០ និង១៩៣០ គ្មាននរណាម្នាក់មើលឃើញថា ហ៊ីធ្លែរ ជាមនុស្សដ៏គ្រោះថ្នាក់នោះទេ។ ពោលគឺមានតែមនុស្សមួយចំនួនប៉ុណ្ណោះ រហូតដល់រឿងនេះបានកើតឡើង។ ដូច្នេះយើងមិនចង់ឃើញអ្វី ដែលបានកើតឡើងនៅអឺរ៉ុប កើតឡើងជាថ្មីនៅក្នុងតំបន់ មជ្ឈិមបូព៌ាឡើយ»។
គួរជម្រាបបន្ថែមថា ព្រះម្ចាស់ Mohammed Bin Salman កំពុងបំពេញដំណើរទស្សនកិច្ច រយៈពេលបីសប្ដាហ៍ នៅសហរដ្ឋអាមេរិក ដើម្បីលើកម្ពស់ទស្សនវិស័យឆ្នាំ២០៣០ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ទ្រង់ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ចេញពីការពឹងផ្អែកទំាង ស្រុងលើប្រេងក៏ដូចជាលើកទឹកចិត្តដល់ការវិនិយោគ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕