(ប៉េកាំង)៖ កាសែតរដ្ឋចិន People's Daily នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន បានអះអាងថា ការតម្លើងពន្ធលើផលិតផល ១២៨មុខ នាំចូលពីសហរដ្ឋអាមេរិក គឺធ្វើឡើងគ្រាន់តែដើម្បីជួសជុលឡើងវិញ នូវការបាត់បង់តុល្យភាពពាណិជ្ជកម្ម បង្កឡើងដោយការតម្លើងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ ក៏ដូចជាការពារផលប្រយោជន៍របស់ចិនតែប៉ុណ្ណោះ។ នេះបើតាមការ ចេញផ្សាយ Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
នៅក្នុងបទអត្ថាធិប្បាយ ចេញផ្សាយនៅថ្ងៃអង្គារនេះ People's Daily បានលើកឡើងវិញយ៉ាងដូច្នេះថា «ចិនមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែនៅលើផ្លូវដើម្បីយុត្តិធម៌ ចិនគ្មានជម្រើសអ្វីផ្សេង ក្រៅតែចូលរួមក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយកំដរវារហូតដល់ទីបញ្ចប់។ តែទោះជាយ៉ាងក៏ដោយ នៅខណៈពេលនេះ ផលប្រយោជន៍អាចនឹងកើតមាន សម្រាប់អ្នកទាំងអស់គ្នា បើសិនជាចេតនាចងមិត្តភាពរបស់ចិន ត្រូវបានទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់»។
គួររំលឹកថា កាលពីថ្ងៃចន្ទ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសតម្លើងពន្ធ ២៥ភាគរយ ឬស្មើនឹងជាង ០៣ពាន់លានដុល្លារអាមេរិក លើផលិតផលចំនួន ១២៨មុខ ក្នុងនោះរួមមានទាំងសាច់ជ្រូក និងស្រា ដែលនាំចូលពីសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការតម្លើងពន្ធ លើដែកថែប និងអាលុយមីញ៉ូមរបស់ លោក ដូណាល់ ត្រាំ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ក៏បានសម្តែងការខឹងសម្បារតបមកវិញដែរ ដោយលោក ដូណាល់ ត្រាំ បានចាត់ទុកថា ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក គឺជាសត្រូវសេដ្ឋកិច្ច៕