(វ៉ាស៊ីនតោន)៖ សេតវិមានអាមេរិក បានរិះគន់ចិនយ៉ាងខ្លាំង សម្រាប់ការតម្លើងពន្ធនាំចូលលើផលិតផលអាមេរិក ខណៈប្រធានាធិបតី លោក ដូណាល់ ត្រាំ បានចាត់ទុកថា ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក គឺជាសត្រូវសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសតម្លើងពន្ធ ២៥ភាគរយ ឬស្មើនឹងជាង ០៣ពាន់លានដុល្លារ លើផលិតផលចំនួន ១២៨មុខ ក្នុងនោះរួមមាន ទាំងសាច់ជ្រូក និងស្រា ដែលនាំចូលពីសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការតម្លើងពន្ធលើដែក និងអាលុយមីញ៉ូមរបស់ លោក ដូណាល់ ត្រាំ។ លើសពីនេះទៅទៀត ចិនបានចាត់ទុកថា ការចាត់វិធានការបែបនេះ ធ្វើឡើងក្នុងគោលបំណង ការពារផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ សេតវិមានបានរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ ដោយចាត់ទុកថា វាធ្វើឱ្យខូចខាតដល់ទីផ្សារសកលលោក។ «ការឧបត្ថម្ភរបស់ចិន និងការបន្តលក់ផលិតលើសពីសមត្ថភាព គឺជាមូលហេតុនៃវិបត្តិដែកថែប... ដូច្នេះជំនួសឱ្យការដាក់ គោលដៅលើការនាំចេញរបស់សហរដ្ឋអាមេរិក ប្រកបដោយតម្លាភាព ចិនគួរតែបញ្ឈប់ការអនុវត្ត ពាណិជ្ជកម្មមិនស្មើភាពរបស់ខ្លួន ដែលកំពុងបំផ្លាញដល់សន្តិសុខជាតិអាមេរិក និងធ្វើឱ្យខូចខាតដល់ទីផ្សារសកលលោក»។ នេះបើសម្តីតាមអ្នកនាំពាក្យសេតវិមាន លោកស្រី លីនសេយ៍ វ៉លធើស៍ (Lindsay Walters)។
គួរបញ្ជាក់ថា ក្រោយចិនចាត់វិធានការតម្លើងពន្ធ ភាគហ៊ុនអាមេរិក និងអាស៊ីបានធ្លាក់ដាំក្បាលចុះ។ ផ្សារហ៊ុន Wall Street បានធ្លាក់ចុះ ២.២ភាគរយ ខណៈទីផ្សារភាគហ៊ុននៅអាស៊ី Nikkei របស់ជប៉ុនធ្លាក់ចុះ ១.៥ភាគរយ នៅថ្ងៃអង្គារនេះ៕