(សាន់ទីអេហ្គោ)៖ កម្មវិធីពិព័រណ៍អាកាសចរណ៍អន្តរជាតិលើកទី ២០ នៅប្រទេសឈីលី ដែលជាប្រភេទពិព័រណ៍ដ៏ធំជាងគេបំផុត ប្រចាំនៅតំបន់អាមេរិកឡាទីន បានចាប់ផ្តើមប្រព្រឹត្តទៅហើយនាថ្ងៃអង្គារនេះ ជាមួយការតាំងបង្ហាញយន្តហោះស៊ីវិល ក៏ដូចជាយោធាចំនួន ១២០គ្រឿង មកពីក្រុមហ៊ុន និងអ្នករៀបចំជាង ៥០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
នៅក្នុងចំណោមយន្តហោះខាងលើ យន្តហោះជាស្នាដៃរបស់សហរដ្ឋអាមេរិក F-35 Lightning ដែលបច្ចុប្បន្នត្រូវបានគេចាត់ទុកថា ជាយន្តហោះចម្បាំងសម័យថ្មី ដ៏ទំនើបបំផុតនោះ ក៏បានបង្ហាញរាងនៅក្នុងកម្មវិធី ដ៏ធំសម្បើមនេះផងដែរ។ ក្រៅពីនេះក៏មានរួមមានវត្តមានយន្តហោះ ទម្លាក់គ្រាប់បែករបស់ក្រុមហ៊ុន Boeing ធុន B-52 Stratofortress ព្រមទាំងឧទ្ធម្ភាគចក្រ S-64 Aircrane មកពីក្រុមហ៊ុនអាមេរិក Erickson។
គួរជម្រាបថា ការតាំងពិព័រណ៍យន្តហោះ ដែលនឹងប្រព្រឹត្តទៅដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅក្នុងបរិវេណនៃអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងសាន់ទីអេហ្គោ ត្រូវគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាបានចំនួនជាង ១២០,០០០នាក់ នៅ២០១៨ឆ្នាំនេះ៕