​(រីយ៉ាដ)៖ ព្រះអង្គម្ចាស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed Bin Salman) បានមាន​បន្ទូលថា ព្រះអង្គទទួល​ស្គាល់សិទ្ធិរបស់ អ៊ីស្រាអែល​ក្នុងនាមជា​រដ្ឋមួយ ដែលនេះបាន​បង្ហាញកាន់តែ​ច្បាស់ពី​ចេតនារបស់អនាគតស្តេចថ្មីអង្គនេះ​ ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង​ជាមួយទីក្រុង​ តែលអាវីវ ខណៈអំពើហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​កំពុងផ្ទុះ​ឡើងវិញ។ នេះបើតាម​ការចេញ​ផ្សាយដោយ សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។

ព្រះអង្គ​ម្ចាស់ Bin Salman ធ្វើការកត់សម្គាល់​ដ៏ភ្ញាក់ផ្អើល​បែបនេះ នៅក្នុងបទ​សម្ភាសន៍ជាមួយ​អ្នក​សារព័ត៌មាន ចេហ្វហ្វ្រេយ ហ្គោលប៊ឺក (Jeffrey Goldberg) ដែលត្រូវបាន​​ចេញផ្សាយ​​កាលពី​ថ្ងៃចន្ទ។ ថ្លែងនា​ឱកាសនោះ រាទាយាទអង្គនេះបានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «ខ្ញុំជឿថា ប៉ាឡេស្ទីន និងអ៊ីសា្រអែល​ មានសិទ្ធិកាន់​កាប់ទឹកដី ផ្ទាល់​ខ្លួន​របស់ពួកគេ... ប៉ុន្តែយើង​ក៏ត្រូវតែមាន​ផងដែរ នូវកិច្ចព្រមព្រៀងសន្តិភាព ដែលធានា​ស្ថេរភាព​សម្រាប់អ្នកគ្រប់គ្នា និងធ្វើឱ្យមាន​ទំនាក់ទំនង​ជាធម្មតា»

គួរបញ្ជាក់ថា ការថ្លែងបែបនេះ​របស់ព្រះអង្គ​ម្ចាស់ Mohammed Bin Salman កើតមានឡើង​នៅចំពេលអំពើហិង្សា​រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល​បានផ្ទុះឡើងជាថ្មី​ក្នុងតំបន់​ហ្កាហ្សា ដោយបណ្ដាល​ឱ្យជនជាតិ ១៧នាក់ស្លាប់ និងរាប់ពាន់​នាក់រង​របួស ដោយសារ​គ្រាប់កាំភ្លើង​របស់យោធា​អ៊ីស្រាអែល៕