(ហ្សាការតា)៖ មានសេចក្តីរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីដែលជាអតិថិជនធំបំផុតរបស់ Facebook ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឬជាប្រទេសអ៊ីស្លាមធំបំផុតលើលោក ដែលអនុញ្ញាតឲ្យប្រជាជានលេង Facebook នោះ បានព្រមានថា ខ្លួននឹងបិទបណ្តាញសង្គមបែបកម្សាន្ត-ពាណិជ្ជកម្ម មានប្រភពនៅអាមេរិកនេះចោទភ្លាម ប្រសិនបើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ នៅឥណ្ឌូណេស៊ី ត្រូវបានរំលោភបំពាន។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
ការបញ្ជាក់ដូចខាងលើនេះ ធ្វើឡើងនៅកិច្ចសម្ភាសន៍រវាង បណ្តាញព័ត៌មានពាណិជ្ជកម្ម Bloomberg ជាមួយនឹងរដ្ឋមន្ត្រីទូរគមនាគមន៍ និងទំនាក់ទំនងឥណ្ឌូណេស៊ី លោក រូឌានតារា (Rudiantara) ចំពោះមុខអ្វីដែល Facebook បាននិងកំពុងតែធ្វើ ក្នុងការបោសសម្អាតព័ត៌មានមិនពិត តាមរយៈការបើកដៃឲ្យមានការចូលពិនិត្យមើលព័ត៌មានសម្ងាត់ ឬព័ត៌មានឯកជន របស់អ្នកប្រើប្រាស់ ដោយគ្មានការអនុញ្ញាតពីពួកគេនោះ។
ជុំវិញបញ្ហាខាងលើនេះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលឥណ្ឌូណេស៊ីខាងលើបានអះអាងច្បាស់ថា «ប្រសិនបើខ្ញុំតម្រូវឲ្យបិទ (Facebook) នោះខ្ញុំនឹងធ្វើវា។ ឥណ្ឌូណេស៊ីនឹងធ្វើបែបនេះ ប្រសិនបើខ្លួនទទួលបានព័ត៌មានថា ទិន្នន័យនៃអ្នកប្រើប្រាស់ របស់ឥណ្ឌូណេស៊ី ត្រូវបានរំលោភបំពាន...»។ លោក រូឌានតារា បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ីធ្លាប់បិទបណ្តាញសង្គម Telegram របស់រុស្ស៊ីមួយទៅហើយ ដូច្នេះរឿងបិទ Facebook គ្មានអ្វីដែលលោកស្ទាក់ស្ទើរនោះឡើយ។
គួរបញ្ជាក់ថា ជុំវិញការចោទប្រកាន់អំពី ការអនុញ្ញាតឲ្យមានការលូកដៃចូលយកព័ត៌មានសម្ងាត់ របស់អ្នកប្រើប្រាស់ប្រមាណជាង ៥០លាននាក់ ដែលទើបត្រូវបានបែកធ្លាយកាលពីខែមុននេះ វាបានក្លាយជាព្យុះភ្លៀងបោកបក់ Facebook យ៉ាងខ្លាំងមិនធ្លាប់មាន និងបានធ្វើឲ្យបណ្តាញសង្គមយក្សលេខ ១ ប្រចាំពិភពលោកនេះ ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ក្នុងតម្លៃជាភាគហ៊ុន។ បន្ថែមពីនេះ លោក Mark Zuckerberg ដែលជាបិតាស្ថាបនិក និងនាយកប្រតិបត្តិ ក៏កំពុងប្រឈមមុខនឹងការឡើងស្រាយបំភ្លឺ មុខសភាអាមេរិក ព្រមទាំងបានសុំទោសដល់ពិភពលោកទាំងមូលថែមទៀត៕