វិមានក្រឹមឡាំង៖ លោកត្រាំ អញ្ជើញលោកពូទីន មកទស្សនកិច្ចនៅសេតវិមាន
02-04-2018 22:40
(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទនេះ បានអះអាងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បំពេញទស្សនកិច្ចមកកាន់សេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
ប៉ុន្តែព្រមពេលជាមួយគ្នា វិមានក្រឹមឡាំងបានបញ្ជាក់ថា មកទល់ពេលនេះខាងភាគរុស្ស៊ី មិនមានគំរោងពិភាក្សាពាក់ព័ន្ធនឹងជំនួប រវាងលោកត្រាំ និងលោកពូទីននោះទេ ចាប់តាំងពីប្រធានាធិបតីអាមេរិក បានស្នើឱ្យមានកិច្ចប្រជុំមួយ នៅអំឡុងកិច្ចសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃទី២០ ខែមីនា។ «យើងចង់ជឿជាក់ថាកិច្ចពិភាក្សា (លើសំណើកិច្ចប្រជុំ) នឹងត្រូវចាប់ផ្ដើមធ្វើឡើង ហើយយើង ក៏សង្ឃឹមដែរថាវានឹងកើតឡើងនៅថ្ងៃណាមួយ...ប៉ុន្តែនៅពេលនេះវាពិបាកណាស់ក្នុងការពិភាក្សាពីលទ្ធភាពនៃការរៀបចំជំនួប
កំពូលរវាងមេដឹកនាំទាំងពីរ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Yuri Ushakov។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងមានតានតឹងគ្នា បន្ទាប់ពីភាគីទាំងពីរប្រកាសបណ្ដេញមន្ត្រីទូត៦០នាក់ រៀងៗខ្លួន ចេញពីប្រទេសដោយសារតែសំណុំរឿងបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេសកាលពីថ្ងៃទី០៤ ខែមីនា៕