(រ៉ង់ហ្គូន)៖ ប្រធានក្រុមប្រឹក្សា​រដ្ឋមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានអំពាវនាវ​ឱ្យប្រជាជន​មីយ៉ាន់ម៉ាទាំងអស់ ប្រមូលកម្លាំងគ្នា​​ដើម្បី​យកឈ្នះ លើបញ្ហា​ប្រឈមជាច្រើ​ន​របស់ប្រទេស​ជាតិ នៅក្នុងប្រតិទិន​ឆ្នាំថ្មីមីយ៉ាន់ម៉ា ១,៣៨០ ដែលនឹងចាប់ផ្ដើម​នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។

ថ្លែងក្នុងសុន្ទរកថា​មួយកាលពី​ថ្ងៃអាទិត្យ ទៅកាន់ជនរួមជាតិ​មីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានលើក​ឡើងយ៉ាងដូច្នេះថា «ការប្រមូល​កម្លាំងគ្នា គឺជាកាតា្តដ៏​សំខាន់​ក្នុងការកសាង​ប្រទេសជាតិ និងរក្សាសន្តិភាព​ដែលយើងគ្រប់គ្នា​ត្រូវការ»។ ព្រមពេល​ជាមួយគ្នា លោកស្រី ក៏បានសង្កត់ធ្ងន់​ផងដែរ​ លើភាពចាំបាច់​នៃការ​យោគយល់ និងគោរពគ្នា​ទៅវិញទៅមក ជាមូលដ្ឋាន​នៃការបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ អស់រយៈពេល​ជាច្រើនឆ្នាំ​មកនេះ រវាងកងកម្លាំង​មីយ៉ាន់ម៉ាន់ និងក្រុមឧទ្ទាម​ប្រដាប់អាវុធ​មួយចំនួន​នៅក្នុងស្រុក។

ដោយឡែក ជុំវិញការបោះឆ្នោត​ជ្រើសរើស លោក យូ វីន ម្យីនស៍ (U Win Myint) ជាប្រធានាធិបតី​មីយ៉ាន់ម៉ាថ្មី កាលពី​សប្ដាហ៍មុន លោកស្រី ស៊ូជី បាននិយាយថា វាបង្ហាញពី​ភាពចាស់ទុំ​ នៃលទ្ធិ​ប្រជាធិបតេយ្យ និងដំណើរការ​នយោបាយ​នៅមីយ៉ាន់ម៉ា។ ប៉ុន្តែ​ខណៈកំពុង ទទួលរង​ការរិះគន់​ ពីសំណាក់​សហគមន៍​អន្តរជាតិ ទាក់ទិននឹង​វិបត្តិជនជាតិដើមភាគតិច​រ៉ូហ៊ីងយ៉ា ប្រធានក្រុមប្រឹក្សារដ្ឋ​រូបនេះមិន​បានបង្ហាញ ពីគោលជំហរ​រឹងមាំណាមួយ​ដើម្បីដោះស្រាយ​វិបត្តិនេះទេ។

គួររំលឹកថា គណបក្ស NLD របស់លោកស្រី អោងសាន ស៊ូជី ទទួល​បានជ័យជម្នះ​ភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលកាលពី ឆ្នាំ២០១៥ ហើយ​រដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រី បានឡើងកាន់អំណាច​នៅ​ខែមេសា ឆ្នាំ២០១៦៕