(ហ្សេរុយសាឡឹម)៖ សង្រ្គាមពាក្យសម្ដីរវាងអ៊ីស្រាអែល និងតួកគី ជុំវិញអំពើហិង្សានៅក្នុងតំបន់ហា្កហ្សា នៅតែបន្តកើតមានខ្លាំងឡើង នៅថ្ងៃចន្ទនេះ ខណៈប្រធានាធិបតីតួកគីបាននិយាយថា កិច្ចព្រមព្រៀងផ្សះផ្សាជម្លោះ រវាងប្រទេសទាំងពីរ គឺជាកំហុសមួយ។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ០២ ខែមេសា ឆ្នាំ២០១៨។
ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ កាលពីថ្ងៃអាទិត្យ បានហៅនាយករដ្ឋមន្ត្រីអ៊ីសា្រអែលថា «ជាមេភេរវករ» ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងកត់សម្គាល់ទៀតផងថា កិច្ចព្រមព្រៀងផ្សះផ្សាជម្លោះរវាងអ៊ីស្រាអែល និងតួកគី គឺជាកំហុស។ ប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងផ្សះផ្សាជម្លោះនឹងគ្នា កាលពីឆ្នាំ២០១៦ ពោលគឺ ០៦ឆ្នាំ បន្ទាប់ពីបានផ្ដាច់ចំណងការទូត នៅអំឡុងឆ្នាំ២០១០។
ប៉ុន្តែជុំវិញការលើកឡើងនេះ រដ្ឋមន្ត្រីសន្តិសុខសាធារណៈអ៊ីស្រាអែល លោក Gilad Erdan ក៏បានតបវិញផងដែរ ដោយហៅលោក អឺដូហ្កាន់ ថាជាមនុស្សរើសអើងស្អប់ជនជាតិជ្វីប។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រជាជនប៉ាឡេស្ទីនជាង ៣០,០០០នាក់ បាននាំគ្នាតវ៉ានៅតំបន់ព្រំដែនរវាងតំបន់ហ្កាហ្សា និងអ៊ីស្រាអែល។ បាតុកម្មតវ៉ាបានផ្ទុះជាអំពើហិង្សា ដោយបណ្ដាលឱ្យមនុស្ស១ ៧នាក់ស្លាប់ និង ១,២០០នាក់ រងរបួសដោយសារ គ្រាប់កាំភ្លើងរបស់យោធាអ៊ីស្រាអែល៕