(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាអាស (Heiko Maas) បាននិយាយថា ការបណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីប្រទេសអាល្លឺម៉ង់ គឺជាការបញ្ជាក់ពីសាមគ្គីភាពជាមួយអង់គ្លេស និងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែទន្ទឹមគ្នា ប្រមុខការទូតរូបនេះក៏សង្ឃឹមដែរថា ទីក្រុងប៊ែរឡាំង និងទីក្រុងម៉ូស្គូ នៅតែជាដៃគូសំខាន់នឹងគ្នាជានិច្ច។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
លោក Heiko Maas ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ Bild កាលពីថ្ងៃអាទិត្យ។ លោក Maas បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការឯកភាពរបស់អឺរ៉ុប នៅក្នុងគោលនយោបាយរបស់យើង ចំពោះរុស្ស៊ីគឺមានសារៈសំខាន់... ហើយវា គឺជាសញ្ញាបង្ហាញពីសាមគ្គីភាពយ៉ាងរឹងមាំ»។ តែទោះជាយ៉ាងណា លោកនៅតែយល់ថា រុស្ស៊ីនៅតែជាដៃគូដ៏សំខាន់ សម្រាប់សហភាពអឺរ៉ុប ជាពិសេសក្នុងការដោះស្រាយជម្លោះ និងធានាសន្តិភាពសកលលោក។ «យើងបើកទ្វារចរចាជានិច្ច ហើយយើងរំពឹងថា ទំនុកចិត្តអាចនឹងត្រូវស្ដារឡើងវិញ បើសិនជារុស្ស៊ីត្រៀមខ្លួនរួចរាល់»។ នេះបើតាមសម្តីលោកប្រមុខការទូតអាល្លឺម៉ង់។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនប្រទេសចំនួន ២៥រួមមាន សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ និងប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃមួយចំនួនទៀតបានបបួលគ្នា បណ្ដេញមន្ត្រីទូតរុស្ស៊ីច្រើនជាង ១៤០នាក់ ចេញពីប្រទេសរបស់ពួកគេរៀងៗខ្លួន ដើម្បីបង្ហាញការគំាទ្រការចោទ ប្រកាន់របស់អង់គ្លេសដែលថា រុស្ស៊ីជាអ្នកនៅពីក្រោយការបំពុលសម្លាប់ អតីតមន្ត្រីចារកម្មរុស្ស៊ី លោក ស៊ីហ្កៃ ស្គ្រីផាល់ (Sergey Skripal) និងកូនស្រីរបស់លោក លើទឹកដីអង់គ្លេសកាលពីថ្ងៃទី០៤ ខែមីនា៕