(បរទេស)៖ មានការបង្ហោះពាក្យថា April Fools' Day នៅលើបណ្តាញសង្គម ជាពិសេស Facebook ដែលធ្វើឲ្យមនុស្សមួយចំនួនមានការងឿងឆ្ងល់ និងចាប់អារម្មណ៍ ប៉ុន្តែតាមពិតទៅ វាជាថ្ងៃកុហកមួយ របស់ជនជាតិលោកខាងលិចប៉ុណ្ណោះ ហើយសម្រាប់ថ្ងៃទី០១ ខែមេសា ម្សិលមិញនេះដែរ វាគ្មានន័យអ្វីសម្រាប់ជនជាតិអាស៊ី និងជនជាតិខ្មែរនោះឡើយ ក្រៅតែពីថ្ងៃដែលយើងចាប់ផ្តើមខែថ្មីជាធម្មតាប៉ុណ្ណោះ។
April Fools' Day គឺជាទិវាមួយត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី០១ ខែមេសា នៅតាមបណ្ដាប្រទេសអឺរ៉ុប និងប្រទេសលោកខាងលិចមួយចំនួន។ នៅក្នុងទិវានេះ ប្រជាជនអឺរ៉ុបជាច្រើននំាគ្នាលេងសើច ជាមួយការផ្សព្វផ្សាយព័ត៌មានកុហក ឬបែប កំប្លែងជាការលេងសើចជាមួយមិត្តភ្តិ ឬក្រុមគ្រួសាររបស់ពួកគេ ក៏ប៉ុន្តែការប្រារព្ធទិវានេះ ក៏តែងតែធ្វើឱ្យក្រុមហ៊ុន ឬសារព័ត៌មានធំៗ មានការមិនពេញចិត្តផងដែរ។
April Fools' Day ឬហៅម្យ៉ាងទៀតថា រដូវកាលកុហកត្រូវបានគេប្រារព្ធឡើង តាំងតែពីសម័យកាលចក្រភពរ៉ូមបុរាណមកម្ល៉េះ។ ចំណែក ឯអ្នកប្រវត្តិសាស្ត្រយល់ថា ទិវានេះមានតាំងតែពីឆ្នាំ១៥៨២ នៅពេលដែលបារាំងបានផ្លាស់ប្ដូរប្រតិទិន Julian calendar ទៅជា Gregorian calendar ហើយមិនតែប៉ុណ្ណោះ ពួកគេខ្លះថែមទាំងបានភ្ជាប់ April Fools' Day ទៅនឹងពិធីបុណ្យមួយចំនួនដូចជា Hilaria ដែលត្រូវបានគេប្រារព្ធឡើងនៅសម័យរ៉ូមបុរាណ នៅចុងខែមីនាផងដែរ។
អ្វីដែលគួរឲ្យអស់សំណើច សម្រាប់ April Fools' Day ឆ្នាំ២០១៨នេះ មានវែបសាយមិនផ្លូវការមួយចំនួន បានចុះផ្សាយអំពីការលែងពីតំណែង ដោយលោក Mark Zuckerberg ពីនាយកប្រតិបត្តិ នៃបណ្តាញសង្គមយក្សអាមេរិក Facebook ដោយសារតែរឿងអាស្រូវ នៃការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជាង ៥០លាននាក់ ដែលនាំឲ្យ Facebook ខាតបង់ភាគហ៊ុនរាប់ពាន់លានដុល្លារ និងពិភពលោកទាំងមូលមានការចាប់អារម្មណ៍ខ្លាំងនោះ។ ទោះបីជាបែបនេះក្តី ក៏នៅមានបណ្តាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានចាញ់បោកព័ត៌មានកុហក ចំថ្ងៃកុហកនេះដែរ៕
ប្រភព៖ Wikipedia និង The Guardian