(ឡូសអាន់ជែឡេស)៖ ទីបញ្ជាការអង្កេតទីអវកាស នៃកងកម្លាំងយុទ្ធសាស្ត្រអាមេរិក (JFSCC) បានបញ្ជាក់ថា បន្ទប់ស្ថានីយអវកាសចិន Tiangong-1 ជាមន្ទីរពិសោធន៍អវកាសដំបូងរបស់ចិន ដែលបានខូចទៅហើយនោះ បានធ្លាក់ចុះមកផែនដីវិញ ស្ថិតនៅលើតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៥៖១៦នាទីល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងឡូនអាន់ជែឡេស)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
មន្ត្រីកងទ័ពអាកាសអាមេរិក បានឲ្យដឹងថា «ប្រព័ន្ធចាប់សញ្ញានានារបស់ JFSCC នៅលើឧបករណ៍អវកាសរបស់ខ្លួន ដែលកំពុងគោចរនៅជុំវិញភពផែនដីនោះ បានរកឃើញសញ្ញានៃការធ្លាក់ចុះរបស់ Tiangong-1 ចូលមកបរិយាកាសផែនដី»។ នេះជាការចាប់សញ្ញាបន្តបន្ទាប់ ដែលធ្វើឡើងដោយក្រុមអង្កេតវត្ថុអវកាសធ្លាក់ចុះមកផែនដី តាមរយៈឧបករណ៍អង្កេតអវកាស មានបំពាក់ប្រព័ន្ធ Sensors ដោយអាមេរិក ។
សម្រាប់ស្ថាប័ន JFSCC គឺជាទីបញ្ជាការមួយរបស់កងទ័ពអាកាសអាមេរិក ដែលបំពេញការងារជាមួយរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងឡាយថ្នាក់អន្តរជាតិ ដើម្បីចាប់សញ្ញា និងចេញរបាយការណ៍អំពីវត្ថុអវកាសនានា ដែលគ្រោងនឹងធ្លាក់ចុះមកផែនដី ដូចជា Tiangong-1 នេះឯង ពីព្រោះវាគឺជាផលប្រយោជន៍រួម សម្រាប់អន្តរជាតិ ក្នុងការធានាឲ្យបាននូវ សុវត្ថិភាព ចីរភាព និងទីអវកាសដែលមានសន្តិសុខជានិច្ច។
គួររំលឹកថា កាលពីព្រឹកថ្ងៃចន្ទនេះ មជ្ឈមណ្ឌលគ្រប់គ្រងទីអវកាសចិន បានចេញផ្សាយដំណឹងបន្ទាន់ថា បន្ទប់ស្ថានីយអវកាសចិន Tiangong-1 ដែលបានខូចលែងដំណើរការតាំងតែពីឆ្នាំ២០១៦ នោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចិនអះអាងថា បានធ្លាក់ចូលបរិយាកាសផែនដី និងឆេះខ្ទេចខ្ទីនៅលើផ្ទៃអាកាសអស់ហើយ ស្ថិតនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូង៕