(ហាណូយ)៖ ចិន និងវៀតណាមបានសន្យាថា នឹងចូលរួមចំណែករក្សាសន្តិភាព នៅតំបន់សមុទ្រចិនខាងត្បូង ជាទីសម្បូរទៅដោយ ធនធានឧស្ម័ន និងប្រេង ដែលប្រទេសទាំងពីរ និងប្រទេសភាគីជម្លោះផ្សេងទៀត សុទ្ធតែប្រាថ្នាចង់បាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
ចិនបានអះអាងពីដែនអធិបតេយ្យភាពរបស់ខ្លួន ស្ទើរតែស្រុងនៅតំបន់សមុទ្រចិនខាងត្បូង ស្របពេលវៀតណាម ព្រុយណេ ហ្វីលីពីន តៃវ៉ាន់ និងម៉ាឡេស៊ី ក៏ទាមទារចំណែកគ្រប់គ្រងតំបន់នេះរៀងៗខ្លួនដែរ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនក៏បានរាយការណ៍ផងដែរថា ចិនបានសាងសង់មូលដ្ឋានយោធា និងពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់ជម្លោះ រហូតដល់វៀតណាមស្វះស្វែងផ្សាភ្ជាប់ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
តែទោះជាបែបនេះក្ដី នៅក្នុងជំនួបកាលពីថៃ្ងអាទិត្យ ក្នុងទីក្រុង ហាណូយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគី វៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) បានសន្យាថា ប្រទេសទាំងពីរនឹងចូលរួមចំណែករក្សាសន្តិភាព នៅតំបន់សមុទ្រចិនខាងត្បូង ។
«ភាគីទាំងពីរគួរតែជៀសវាង រាល់ការចាត់វិធានការឯកតោភាគី ដែលនាំឱ្យសា្ថនភាពកាន់តែស្មុគស្មាញ ព្រមទាំងចូលរួមរក្សាសន្តិភាពនៅក្នុងតំបន់»។ នេះបើតាមការគូសបញ្ជាក់របស់ លោក វ៉ាង យី ខណៈលោក Pham Binh Minh អះអាងថា វៀតណាម ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការងារជាមួយចិន ដើម្បីដោះស្រាយបញ្ហានានា។
គួរបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម បានឈានដល់ចំណុចរបត់ថ្មីមួយគួរឱ្យកត់សម្គាល់ ដែលត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថា ទីក្រុងហាណូយកំពុងចង់បានអាមេរិកជាគ្នា ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។
ជាក់ស្ដែងកាលពីដើមខែមីនា កន្លងទៅ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង បានធ្វើដំណើរទស្សនកិច្ចជាប្រវត្តិ សាស្ត្រមកកាន់ប្រទេសវៀតណាម គិតចាប់តាំងពីឆ្នាំ១៩៧៥ មក។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន ថែមទាំងបានផ្ដល់នាវាល្បាត ០៦គ្រឿង និងបរិក្ខាមានតម្លៃជាង ២០លានដុល្លារ ឱ្យទីក្រុងហាណូយទៀតផង៕