(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីក្ដីសង្ឃឹមថា ការសម្ដែងសិល្បៈរបស់តារាចម្រៀង K-Pop កូរ៉េខាងត្បូង នៅក្នុងទីក្រុងព្យុងយ៉ាង អាចនឹងកា្លយជាឱកាស ក្នុងការបញ្ជាក់ពីឯកភាពជាតិរវាងកូរ៉េទាំងពីរ និងក្រោយពេលដែលកូរ៉េខាងជើង បានបញ្ជូនក្រុមសិល្បកររបស់ខ្លួន ទៅសម្តែងនៅកូរ៉េខាងត្បូងដូចគ្នា កាលពីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នាខែកុម្ភៈកន្លងទៅ។ នេះបើតាមការផ្សាយដោយ KCNA ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
លោក គីម បានថ្លែងដូចខាងលើនេះ បន្ទាប់ពីលោកបានចូលរួមទស្សនា ការសម្ដែងរបស់ក្រុមតារាចម្រៀងនាទី K-Pop ឈ្មោះ Red Velvet កាលពីថ្ងៃអាទិត្យ នៅក្នុងទីក្រុងព្យុងយ៉ាង។ យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម គឺជាមេដឹកនាំកូរ៉េខាងជើងដំបូងបំផុត ដែលបានចូលរួមទស្សនាការប្រគុំតន្រ្តី របស់តន្ត្រីករកូរ៉េខាងត្បូង។ ជាងនេះទៅទៀត មេដឹកនាំវ័យក្មេងរូបនេះ ក៏បាននិយាយដែរថា ការសម្ដែងសិល្បៈនេះ ជាឱកាសនាំយកសន្តិភាពនៅលើឧបទ្វីបកូរ៉េ ព្រមទាំងបញ្ជាក់ពីការឯកភាពគ្នា ក្នុងនាមជាប្រជាជាតិតែមួយ។
គួរបញ្ជាក់ថា បើតាម KCNA លោក គីម ជុងអ៊ុន បានស្នើឱ្យកូរ៉េទាំងពីរ រៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នា ឱ្យបានកាន់តែច្រើន ខណៈក្រុមតារាស្រី Red Velvet នឹងចូលរួមសម្ដែងរួមគ្នាជាលើកទី ២ ជាមួយតន្រ្តីករកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា លោកនឹងចូលរួមដែរ ឬយ៉ាងណានោះទេ៕