(ប៉េកាំង)៖ ក្រោយព្រមានជាបន្តបន្ទាប់ នៅទីបំផុតរដ្ឋាភិបាលចិនបានសម្រេចចិត្តតម្លើងពន្ធ ២៥ភាគរយ លើការនាំចូលផលិតផលអាមេរិកចំនួន ១២៨មុខ ក្នុងនោះរួមមានសាច់ជ្រូក និងស្រា (wine) ដើម្បីឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាសតម្លើងពន្ធ លើការនាំចូលអាលុយមីញ៉ូម និងដែក កាលពីដើមខែមីនា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
ការសម្រេចចិត្តតម្លើងពន្ធនេះ ត្រូវបានគេរំពឹងថា អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិក ខាតបង់ជាង ០៣ពាន់លានដុល្លារ។ ចំណែកឯ ទីក្រុងប៉េកាំងបាននិយាយថា វាគឺជាការពារផលប្រយោជន៍ចិន និងតុល្យភាព បង្កឡើងដោយការតម្លើងពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ។ ចិនធ្លាប់បានព្រមានរួចហើយថា ខ្លួនមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មនោះទេ ប៉ុន្តែថាខ្លួននឹងមិនអង្គុយស្ងៀមឡើយ បើសិនជាសេដ្ឋកិច្ចរបស់ខ្លួនរងផលប៉ះពាល់។ យ៉ាងណាក៏ដោយ លោក ត្រាំ នៅតែអះអាងថា សង្រ្គាមពាណិជ្ជកម្មគឺជារឿងល្អ ហើយសហរដ្ឋអាមេរិកអាចឈ្នះយ៉ាងងាយស្រួល។
គួរបញ្ជាក់ថា បើទោះជាសម្រេចចិត្តតម្លើពន្ធក៏ដោយ ចិននៅតែអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោល ការសម្រេចចិត្តតម្លើងពន្ធលើដែក និងអាលុយមីញ៉ូម សំដៅធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ត្រឡប់ទៅរកភាពប្រក្រតីវិញ៕