(ប៉េកាំង)៖ បន្ទប់ស្ថានីយអវកាសចិន Tiangong-1 ដែលបានខូចលែងដំណើរការតាំងតែពីឆ្នាំ២០១៦ នោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រចិនអះអាងថា បានធ្លាក់ចូលបរិយាកាសផែនដី និងឆេះខ្ទេចខ្ទីនៅលើផ្ទៃអាកាសអស់ហើយ ស្ថិតនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
បន្ទប់ពិសោធន៍ខាងលើនេះ គឺមានទម្ងន់មិនដល់ ១០តោននោះឡើយ ហើយបំណែករបស់វាភាគច្រើន ត្រូវបានមជ្ឃមណ្ឌលគ្រប់គ្រងអវកាសចិន ស្ថិតនៅទីក្រុងប៉េកាំងបានអះអាងថា បានឆាបឆេះជាកម្ទេចកម្ទីនៅទីអវកាស និងសេសសល់តែបន្តិចបន្តួចប៉ុណ្ណោះ ដែលធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។
Tiangong-1 គឺជាមន្ទីរពិសោធន៍អវកាសដំបូងបំផុតរបស់ចិន ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១១ និងធ្លាប់បានទទួលអវកាសយានិក ០២នាក់ នៅទីនោះកាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣ ស្ថិតនៅក្នុងគំរោងកសាង ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន ដែលនឹងត្រូវសម្រេចជោគជ័យ នៅឆ្នាំ២០២២។ វាបានបន្តដំណើរការជាធម្មតា រហូតដល់ឆ្នាំ២០១៦ ជាពេលដែលការទាក់ទង ជាមួយមន្ទីរពិសោធន៍អវកាស បានបាត់បង់ទៅ។
គួររំលឹកថា Tiangong-1 ដែលមានទំហំប្រហាក់ប្រហែលនឹងរថយន្តក្រុងមួយគ្រឿងនេះ មានទំហំតូចជាងឆ្ងាយបើធៀបនឹង ស្ថានីយអវកាស Skylab របស់ អង្គការ NASA ដែលបានធ្លាក់ទៅចំតំបន់ដាច់ស្រយ៉ាល នៃប្រទេសអូស្រ្តាលីកាលពីឆ្នាំ១៩៧៩។ មន្ទីរពិសោធន៍អវកាសចិនមួយនេះ មានទម្ងន់ត្រឹម ៩.៤តោនប៉ុណ្ណោះ ខណៈ Skylab មានទម្ងន់ដល់ទៅ ១០០តោន៕