(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញការគំាទ្រចំពោះទណ្ឌកម្មបន្ថែមប្រឆាំងនឹងកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បើទោះជាកំពុងដើរលើផ្លូវផ្សះផ្សាជាមួយទីក្រុងព្យុងយ៉ាង ក៏ដោយ។ នេះបើតាមការចញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០១ ខែមេសា ឆ្នាំ២០១៨។
កាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខ បានបញ្ចូលក្រុមហ៊ុនចំនួន២១ និងនាវាចំនួន២៧គ្រឿង ទៅក្នុងបញ្ជីខ្មៅដែលជាប់សង្ស័យ ថាបានជួយកូរ៉េខាងជើងរត់ពន្ធប្រេង និងធ្យូងថ្មនៅលើសមុទ្រ។ ជុំវិញទណ្ឌកម្មថ្មីនេះដែរ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់ បានបញ្ជាក់នៅក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា៖ «ការដាក់ទណ្ឌកម្មថ្មីនេះ គឺតំណាងឱ្យសហគមន៍អន្តរជាតិ ក្នុងការដោះ ស្រាយ ក៏ដូចជាអនុវត្តយ៉ាងពេញលេញលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង»។
គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង នាវាដឹកប្រេងមួយគ្រឿងដោតទង់ជាតិប៉ាណាម៉ា ឈ្មោះ KOTI ដែលត្រូវបាន រឹបអូសនៅឯកំពង់ផែ Pyeongtaek-Dangjin កាលពីឆ្នាំ២០១៧ ក្រោមការសង្ស័យថាបានផ្គត់ផ្គង់ប្រេងឱ្យកូរ៉េខាងជើង ក៏ត្រូវជាប់ ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិដែរ៕