រុស្ស៊ី៖ អភិបាលក្រុង Kemerovo លាលែងពីតំណែង ក្រោយអគ្គីភ័យឆេះផ្សារទំនើបសម្លាប់មនុស្ស៦៤នាក់
01-04-2018 21:17
(ម៉ូស្គូ)៖ អភិបាលក្រុង Kemerovo នៃប្រទេសរុស្ស៊ី លោក Aman Tuleyev បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីមានអគ្គីភ័យឆេះផ្សារទំនើបនៅក្នុងតំបន់សម្លាប់មនុស្ស ៦៤នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០១ ខែមេសា ឆ្នាំ២០១៨។
«លោក Aman Tuleyev បានឡើងកាន់តំណែងជាអភិបាលក្រុង Kemerovo តាំងតែពីឆ្នាំ១៩៩៧ ហើយអណត្តិរបស់លោក បច្ចុប្បន្ននឹងត្រូវបញ្ចប់នៅឆ្នាំ២០២០។ ប៉ុន្តែ លោកបានសម្រេចចិត្តលាលែងពីតំណែងជាអភិបាលក្រុង ដោយគោលការណ៍ស្ម័គ្រ ចិត្តមុននឹងអណត្តិរបស់លោកត្រូវបញ្ចប់»។ នេះបើតាមការិយាល័យរបស់ លោក Aman Tuleyev ថ្លែងប្រាប់ Sputnik។
គួរបញ្ជាក់ថា ការលាលែងរបស់លោក Aman Tuleyev កើតមានឡើងបន្ទាប់ពីមានអគ្គិភ័យឆាបឆេះផ្សារទំនើប Winter Cherry កាលពីចុងសប្ដាហ៍មុន ដោយសម្លាប់មនុស្ស៦៤នាក់ ក្នុងនោះមានកុមារ៤១នាក់។ ក្រុមអ្នកស៊ើបអង្កេត បានអះអាងថាច្រកចេញ ចូល ពេលមានអគ្គីភ័យត្រូវបានបិទ ហើយប្រព័ន្ធប្រកាសអាសន្នក៏មិនដំណើរការណ៍ ជាហេតុធ្វើឱ្យកុមារជាច្រើននាក់ត្រូវជាប់គាំង នៅក្នុងរោងកុន។ ចំណែកឯ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយដែរថា អគ្គីភ័យនេះបណ្ដាលមកពីការធ្វេស ប្រហែស ហើយថាអ្នកទទួលខុសត្រូវគួរតែត្រូវទទួលការពិន័យ៕