(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះ បានចាប់ផ្ដើមហើយការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេ នៅចំពោះមុខការបន្ទន់ឥរិយាបថរបស់កូរ៉េខាងជើង ដែលកំពុងធ្វើឱ្យភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ហាក់ដូចជាមានភាពធូរស្រាល ច្រើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០១ ខែមេសា ឆ្នាំ២០១៨។
យោងតាមយោធានៃប្រទេសទាំងពីរ សមយុទ្ធយោធា Foal Eagle ដែលផ្តោតសំខាន់លើការធ្វើសមយុទ្ធនៅលើគោក អាកាស នាវាចម្បាំង និងប្រតិបត្តិការពិសេស នឹងត្រូវធ្វើឡើងរយៈពេលមួយខែ។ រីឯសមយុទ្ធយោធា Key Resolve នឹងប្រព្រឹត្តទៅក្នុង រយៈពេល០២សប្ដាហ៍ ដោយចាប់ផ្ដើមនៅពាក់កណ្ដាល ខែមេសានេះ។ លើសពីនេះទៅទៀត កាលពីខែមីនា អ្នកនាំពាក្យមន្ទីរបញ្ច កោណម្នាក់ ក៏ធ្លាប់បាននិយាយដែរថាសមយុទ្ធយោធាទំាងពីរនេះ នឹងមានការចូលរួមពីយោធាអាមេរិក ២៣,៧០០នាក់ និងកូរ៉េខាងត្បូង ៣០០,០០០នាក់។
ក៏ប៉ុន្តែជាទម្លាប់ កូរ៉េខាងជើងតែងតែងចោទប្រកាន់ថា ការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាការត្រៀម លក្ខណៈឈ្លានពានទីក្រុងព្យុងយ៉ាង និងមានតែធ្វើឱ្យស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េកាន់ស្មុគស្មាញប៉ុណ្ណោះ។ សមយុទ្ធយោធា Foal Eagle និង Key Resolve ត្រូវធ្វើឡើងជារៀងរាល់ឆ្នាំនៅខែមីនា តែវាត្រូវបានលើកពេលដោយសារតែការរៀបចំ ព្រឹត្តិការណ៍កីឡាអូឡាពិករដូវរងារ និងកីឡាប៉ារ៉ាអូឡាំពិក នៅកូរ៉េខាងត្បូង៕