(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខរៀងទី២២២ ក្នុងចំណោមបញ្ជី ឈ្មោះមហាសេដ្ឋីនៅលើពិភពលោក របស់ទស្សនាវដ្ដី Forbes បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានធ្លាក់ពី ៣.៥ពាន់លានដុល្លារ មកនៅត្រឹម ៣.១ពាន់លានដុល្លារ។
យោងតាមទស្សនាវដ្ដី Forbes ការធ្លាក់ចុះនៃទ្រព្យសម្បត្តិមួយផ្នែករបស់លោក ដូណាល់ ត្រាំ គឺដោយសារតែការធ្លាក់ចុះនៃតម្លៃ អចលនទ្រព្យ និងការធ្លាក់ចុះប្រាក់ចំណូលនៅតាមទីលានវាយកូនហ្គោលរបស់លោក។ បន្ថែមពីលើនេះ ទស្សនាវដ្ដីអាមេរិក មួយនេះក៏បានឱ្យដឹងដែរថាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានឡើងមកឈរលេខទី០១ក្នុង នាមជាអ្នកមាន ជាងគេនៅលើពិភពលោកជាមួយទ្រព្យរហូតដល់ទៅ១២២ពាន់លានដុល្លារ ខណៈស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ធ្លាក់មកនៅលេខរៀងទី០២ ដោយមានទ្រព្យសម្បត្តិ៩០ពាន់លានដុល្លារ។
គួរបញ្ជាក់ថា បើតាម Forbes សហរដ្ឋអាមេរិក មានចំនួនមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោកគឺ ចំនួន៥៨៥នាក់ តាមពី ក្រោយ ចិនដែលមាន មហាសេដ្ឋីជាង៣៩៥នាក់៕
ប្រភព៖ BBC