(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ជប៉ុននេសាទត្រីបាឡែនបានជាង ៣០០ក្បាល ពីសមុទ្រអង់តាក់ទិក និងត្រឡប់មកវិញ ដោយសុវត្ថិភាព។
២៖ បាតុកម្មផ្ទុះអំពើហិង្សានៅតែបន្តឡើងនៅតំបន់ Gaza ជាប់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល ខណៈក្រុមអ្នកតវ៉ាហាម៉ាស-ប៉ាឡេស្ទីនចំនួន១៧នាក់ហើយ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត។
៣៖ ទីបំផុតស្ថានកុងស៊ុលរុស្ស៊ីប្រចាំទីក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន ត្រូវបានបិទទ្វារឈប់ធ្វើប្រតិបត្តិការ តាមការបង្គាប់របស់អាជ្ញាធរអាមេរិក។
៤៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្រេចដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ជុំវិញការលួចជួញដូរប្រេងនិងធ្យូងថ្មល្មើសបម្រាម។
៥៖ ប្រទេសរុស្ស៊ីប្រកាសបណ្តេញមន្រ្តីទូតមកពី២៣ប្រទេស ឲ្យត្រឡប់ទៅស្រុកដើមវិញ ជុំវិញបញ្ហាជម្លោះរវាងគ្នានិងគ្នា ដែលបង្កឡើងដោយករណីបំពុលអតីតមន្រ្តីចារកិច្ចរុស្ស៊ីនៅលើទឹកដីចក្រភពអង់គ្លេស។
៦៖ ព្រឹត្តិការណ៍ព្រះច័ន្ទ Blue Moon ជាលើកទីពីរក្នុងឆ្នាំ២០១៨ កើតមានឡើងនៅយប់ថ្ងៃសៅរ៍នេះ។
៧៖ ប្រតិភូគណៈកម្មការអូឡាំពិកអន្តរជាតិ បញ្ចប់ដំណើរទស្សនកិច្ចដែលមានរយៈពេល០៣ថ្ងៃ នៅទីក្រុងព្យុងយ៉ាង៕