(ព្យុងយ៉ាង)៖ ប្រធានគណៈកម្មាធិការកីឡាអូឡាំពិក IOC លោក Thomas Bach បានថ្លែងអះអាងបន្ថែមទៀតថា ប្រទេសកូរ៉េខាងជើងនឹងបញ្ជូនអត្តពលិក ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន និងឆ្នាំ២០២២ នៅចិន បន្ទាប់ពីរូបលោកទើបបានសន្យា ក្នុងការជួយជ្រោមជ្រែង អត្តពលិករបស់រដ្ឋកុម្មុយនិស្តមួយនេះ ឲ្យមកចូលរួមការប្រកួតកីឡាអន្តរជាតិដ៏សំខាន់ ខណៈពេលដែលភាពវិជ្ជមានមួយចំនួន បានលេចឡើងរួចទៅហើយ នៅឧបទ្វីបកូរ៉េនោះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
ការថ្លែងអះអាងបែបនេះត្រូវបានធ្វើឡើង ស្របពេលប្រមុខ IOC លោក Thomas Bach ជួបពិភាក្សាជាមួយប្រធានាធិបតី គីម ជុងអ៊ុន រយៈពេល ០៣ថ្ងៃ នៅកូរ៉េខាងជើង។
បុរសជនជាតិអាល្លឺម៉ង់បានថ្លែងប្រាប់សារព័ត៌មានចិន ស៊ិនហួរ ក្រោយកិច្ចពិភាក្សាជាមួយ លោក គីម ជុងអ៊ុន ថា យើងបានឯកភាពគ្នា ចំពោះវត្តមានអត្តពលិកកូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេសជប៉ុន និងអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន។
បន្ថែមលើនេះ ក្នុងនាម IOC ក៏សូមអំពាវនាវដល់ប្រទេសដទៃ ទទួលយកកីឡាករ និងកីឡាការិនីយុវជនកូរ៉េខាងជើង ក្នុងហ្វឹកហាត់ជាមួយផង បន្ថែមលើជំរុំហ្វឹកហាត់ទៀតនោះ។
សូមរំលឹកថា កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារ ឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងជើងក៏បានបញ្ជូនអត្តពលិកជាច្រើនទៅចូលរួមដែរ អមដោយប្រតិភូ និងមន្រ្តីកីឡា និងកីឡាករ កីឡាការិនី ដើរដង្ហែក្បួនក្នុងពិធីរួមគ្នាផងដែរ៕